(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុនអវកាសឈានមុខរបស់សហរដ្ឋអាមេរិក Boeing បានបង្ហាញរូបរាងយន្តហោះដឹកអ្នកដំណើរ ដែលមានតួខ្លួនវែងជាងគេបង្អស់ធុន 737 MAX 7 នៅឯរោងចក្ររបស់ខ្លួន ក្នុងរដ្ឋវ៉ាស៊ីនតោន ភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនខាងលើ MAX 7 គឺជាសមាជិកទីបី និងក្រោយគេ នៅក្នុងត្រកូលយន្តហោះ 737 MAX របស់ Boeing។ យន្តហោះម៉ូដែលថ្មីនេះ មានសមត្ថភាពផ្ទុកអ្នកដំណើរបានចំនួន ១៧២នាក់ ក្នុងចម្ងាយហោះហើរប្រហែល ៧,១៣០គីឡូម៉ែត្រ ដែលជារយៈចម្ងាយដ៏វែងបំផុត នៅក្នុងយន្តហោះត្រកូល MAX។
ក្រៅពីនេះក្រុមហ៊ុន Boeing បានគូសបញ្ជាក់ថា បើប្រៀបធៀបជាមួយគូប្រជែង A319neo របស់ក្រុមហ៊ុន Airbus MAX 7 អាចផ្ទុកអ្នកដំណើរបានច្រើនជាង ១២នាក់ និងហោះហើរបានចម្ងាយ ៧៤១គីឡូម៉ែត្រ ឆ្ងាយជាង។
គួរជម្រាបថា 737 MAX 7 ត្រូវបានគេកំណត់កាលវិភាគថា ចូលបម្រើការនៅឆ្នាំ២០១៩ ខណៈយន្តហោះត្រកូល 737 MAX នេះត្រូវបាន Boeing អះអាងថា ជាយន្តហោះដឹកអ្នកដំណើរលក់ដាច់យ៉ាងឆាប់បំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលទទួលបានការបញ្ជាទិញជាង ៤,៣០០គ្រឿង ពីអតិថិជនចំនួន ៩២ក្រុមហ៊ុន នៅតាមប្រទេសជាច្រើនជុំវិញពិភពលោក៕