(ញូដេលី)៖ ក្រុមហ៊ុន Anglo-Eastern មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមចោរសមុទ្របានដោះលែងក្រុមនាវិកឥណ្ឌា ២២នាក់ រួមទាំងនាវាដឹកប្រេងជាង ១៣,៥០០តោន ត្រឡប់មកវិញហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨
នាវាដឹកប្រេងឈ្មោះ Marine Express បានបាត់ខ្លួននៅឯឈូងសមុទ្រហ្គីណេ បន្ទាប់ពីដាច់ការទាក់ទងក្នុងប្រទេសបេនីន កាលពីថ្ងៃសុក្រ។ ដោយឡែកក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Anglo-Eastern ដែលជាអ្នកគ្រប់គ្រងនាវានេះអះអាងថា សមាជិកនាវិកទាំង ២២នាក់ មានសុវត្ថិភាព រីឯទំនិញនៅលើនាវា ក៏មិនបានបាត់បង់តែ ប៉ុន្តែមិនបានបញ្ជាក់ ព័ត៌មានលម្អិតអ្វីបន្ថែមនៅឡើយទេ។
គួរបញ្ជាក់ថា ឈូងសមុទ្រហ្គីណេ បានក្លាយជាគោលដៅរបស់ក្រុមចោរសមុទ្រ ដែលតែងចេញប្លន់នាវាដឹកទំនិញ ក៏ដូចជាជំរិតទារប្រាក់លស់ចំណាប់ខ្មាំង ហើយបញ្ហានេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររបស់អន្តរជាតិ ប៉ុន្តែគេនៅពុំទាន់ឃើញមានប្រទេសណាមួយចេញមុខចាត់វិធានការក្តៅ ដូចកាលពីសម័យចោរសមុទ្រសូម៉ាលីនោះឡើយ៕