(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានប្រាប់គណៈកម្មាធិការសភាថា វាអាចទៅរួចថាក្រុម Hackers កូរ៉េខាងជើង គឺជាអ្នកលុកលុយប្រព័ន្ធប្ដូរប្រាក់ឌីជីថល នៅក្នុងប្រទេសជប៉ុន ដើម្បីលួចកាក់លុយឌីជីថលជាង ៥២០លានដុល្លារ។ នេះបើតាមមន្ត្រីម្នាក់ស្និទ្ធនឹងបញ្ហានេះ ដកស្រង់ដោយសារព័ត៌មាន Straitstimes នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ត្រីខាងលើដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters ថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូងបានបញ្ជាក់ ប្រាប់ទៅកាន់សភាអំពីភាពដែលអាចទៅរួចថា កូរ៉េខាងជើងជាអ្នកនៅពីក្រោយ ការលួចលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ហើយប្រព័ន្ធប្ដូរប្រាក់កាក់ ឌីជីថលអាចនឹងនៅតែស្ថិតនៅក្រោមគោលដៅរបស់ក្រុម Hackers កូរ៉េខាងជើង ដោយសារតែវាមិនសូវមានសុវត្ថិភាព។ ក៏ប៉ុន្តែពុំទាន់មានភស្ដុតាងណាមួយបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង ជាអ្នកលួចលុយធនាគារជប៉ុននោះទេ។
គួររំលឹកថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ធនាគារជប៉ុន Coincheck Inc ដែលប្រតិបត្តិការប្រព័ន្ធដូរលុយកាក់ឌីជីថល ត្រូវបានគេចុះត្រួតពិនិត្យ ដើម្បីកែលម្អប្រព័ន្ធសុវត្ថិភាពឡើងវិញ ក្រោយក្រុម Hackers បានចូលលួចលុយកាក់ជាង ៥២០លានដុល្លារ កាលពីខែមករា៕
https://cdn.vox-cdn.com/thumbor/0lAn6qSiBNoeYH9MukRhxR8n1U8=/0x0:5472x3648/1200x800/filters:focal(1208x1309:2082x2183)/cdn.vox-cdn.com/uploads/chorus_image/image/57123343/shutterstock_498172096.0.jpg