(ប៉េកាំង)៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៃកោះតៃវ៉ាន់ បានធ្លាក់ចូលទៅក្នុងសមុទ្រ ហើយបាត់ដំណឹងតែម្តងកាលពីយប់ថ្ងៃចន្ទ ដោយក្នុងនោះមានដឹកមនុស្សចំនួន ០៦នាក់ ហើយរហូតមកទល់នឹងព្រឹកថ្ងៃអង្គារនេះ ក្រុមសង្គ្រោះនៅតែកំពុងបន្តប្រតិបត្តិការស្វែងរកដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានតៃវ៉ាន់ ឧទ្ធម្ភាគចក្រខាងលើនេះ គឺជាប្រភេទ UH-60M Black Hawk បានចាកចេញពីតំបន់ តៃទុង (Taiting) ឆ្ពោះទៅកាន់កោះ ឡានយូ (Lanyu) នៅយប់ថ្ងៃចន្ទនោះតែម្តង ប៉ុន្តែពេលត្រឡប់មកវិញ វាក៏បានធ្លាក់ និងបាត់ខ្លួន ដោយអាជ្ញាធរមិនទាន់ដឹងថា បានបណ្តាលមកពីកត្តាអ្វីនោះឡើយ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះដឹកមនុស្សសរុប ០៦នាក់ ក្នុងនោះ ០៣នាក់ជាក្រុមបញ្ជាការនៅលើនោះផ្ទាល់ និង ០៣នាក់ទៀតជា សមាជិកគ្រួសារ, អ្នកជំងឺ, និងគ្រូពេទ្យ ដែលត្រូវយកអ្នកជំងឺមកព្យាបាលជាបន្ទាន់។ សមាជិកក្រុមគ្រួសារដែលបាននៅឈរមើលឧទ្ធម្ភាគចក្រចេញដំណើរបានអះអាងថា គេបានឃើញវាហោះហើរឡើង ហើយបីនាទីក្រោយមក ឧទ្ធម្ភាគចក្រនោះដូចជាធ្លាក់ចុះ រួចក៏លែងឃើញពន្លឺអ្វីតែម្តង៕