(វ៉ាស៊ីនតោន)៖ ក្រោយពីបានធ្វើការស្រាវជ្រាវ អស់រយៈពេលជាច្រើនទសវត្សរ៍ទីបំផុតទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចប់ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ សម្រាប់យន្តហោះមហាលឿន ដែលអាចឈានដល់កម្រិតល្បឿន Supersonic ដោយមិនឲ្យមានសំឡេងបន្ទុះ នៃការបំបែករនាំងសំឡេង (Sound Barrier) ឡើយ ហើយជំនួសមកវិញនូវយ៉ាងស្ងាត់ និងស្រាលស្រទន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ការត្រួតពិនិត្យ និងការរចនាជាជំហ៊ានដំបូង សម្រាប់យន្តហោះបែបវិទ្យាសាស្រ្តនេះ បានបញ្ចប់ការធ្វើតេស្ត នៅក្នុងរូងបំពង់ខ្យល់មួយមានទំហំ ២.៥ម៉ែត្រ x ២.០ម៉ែត្រ កាលពីខែមករា ដើមឆ្នាំមុន នៅឯមជ្ឈមណ្ឌលស្រាវជ្រាវ Glenn ក្នុងទីក្រុង Cleveland នៃរដ្ឋ Ohio។ ការសាកល្បងដោយជោគជ័យនេះ បានបើកផ្លូវសម្រាប់ឲ្យអង្គការ NASA បន្តអនុវត្តន៍ផែនការ ក្នុងការធ្វើតេស្តយន្តហោះនេះ នៅក្នុងការហោះហើរពិតប្រាកដតែម្តង។
គួរជម្រាបថា យន្តហោះដឹកអ្នកដំណើរល្បឿនលឿន Concorde ដែលអភិវឌ្ឍន៍រួមគ្នាដោយអង់គ្លេស និងបារាំង មានសមត្ថភាពដឹកជញ្ជូនអ្នកដំណើរពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុងញូយ៉ក ដោយប្រើពេលត្រឹម ៣.៥ម៉ោងប៉ុណ្ណោះ ជំនួសឲ្យពេលវេលាហោះហើរទូទៅពី ០៧ ទៅ ០៨ម៉ោង។
យ៉ាងណាមិញ សំឡេងលាន់លឺយ៉ាងខ្លាំងក្លារបស់យន្តហោះ នៅអំឡុងពេលហោះឡើង ព្រមទាំងនៅលើផ្ទៃអាកាស នៃតំបន់មានមនុស្សរស់នៅច្រើន បានបណ្តាលឲ្យមានការប្រតិកម្មតវ៉ា ក្រោមហេតុផលនៃការបំពុលសំឡេង និងការដាក់បម្រាមមិនឲ្យ Condorde មិនឲ្យធ្វើការហោះហើរ នៅលើដែនអាកាសនៃតំបន់ទាំងនោះ។
ដោយឡែក គោលដៅចម្បងរបស់ យន្តហោះប្រភេទ QueSST នេះវិញ គឺធ្វើយ៉ាងណាហោះហើរក្នុងល្បឿន Supersonic ប៉ុន្តែបញ្ចេញសំឡេងស្ងាត់ស្រទន់ ជាជាងការបំពងសំឡេងលាន់ដូចគ្រាប់បែក ក្នុងពេលធ្វើដំណើរ។ ដំណាក់កាលបន្ទាប់នៃកម្មវិធីយន្តហោះ QueSST គឺជួលក្រុមហ៊ុនមួយ ឲ្យផលិតយន្តហោះសម្រាប់ការសាកល្បង ជាមួយគោលដៅថា នឹងអាចហោះហើរបាននៅឆ្នាំ២០២១៕