(ប៉េកាំង)៖ ប្រទេសចិនបានប្រកាសពីជោគជ័យ នៃការធ្វើតេស្តប្រព័ន្ធស្ទាប់ចាប់មីស៊ីលមួយផ្សេងទៀតតែបានអះអាងថា វាគ្រាន់ជាការត្រៀមការពារខ្លួនប៉ុណ្ណោះ គឺគ្មានគោលដៅទៅលើប្រទេសណាផ្សេងឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិចិន ការធ្វើតេស្តសាកល្បង នៃប្រព័ន្ធបច្ចេកវិទ្យាខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ នៅក្នុងដែនដីរបស់ខ្លួន ដោយលទ្ធផលគឺត្រូវទៅតាមអ្វីដែលបានរំពឹងទុក។ យ៉ាងណាមិញ ក្រសួងដដែលពុំបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតឡើយ ក៏ប៉ុន្តែបានបញ្ជាក់ថា ការធ្វើតេស្តមានចេតនាសម្រាប់តែការពារខ្លួនប៉ុណ្ណោះ និងមិនសំដៅទៅលើប្រទេសដទៃណាមួយឡើយ។
គួរជម្រាបថា ចិនបានខិតខំបង្កើនការស្រាវជ្រាវ ទៅលើមីស៊ីលសឹងតែគ្រប់ប្រភេទ រួមមានតាំងពីមីស៊ីល ដែលអាចកម្ទេចផ្កាយរណបនៅទីអវកាស រហូតដល់មីស៊ីលផ្លោងដ៏ទំនើប ដែលអាចបំពាក់នុយក្លេអ៊ែរបាន ដោយទាំងអស់នេះ គឺស្ថិតក្រោមមហិច្ឆតានៃគម្រោងធ្វើទំនើបកម្មវិស័យយោធា ដែលដាក់ចេញដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕