(ម៉ាល់ឌីវ)៖ ប៉ូលិសម៉ាល់ឌីវបានចាប់ខ្លួនប្រធានតុលារការកំពូល ស្របពេលវិបត្តិនយោបាយ នៅក្នុងប្រទេសប្រជុំកោះស្ថិតនៅតំបន់ មហាសមុទ្រឥណ្ឌាមួយនេះមានសភាពកាន់តែអាក្រក់ រហូតដល់ប្រធានាធិបតីប្រកាស ដាក់ប្រទេសក្នុងភាពប្រកាសអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រធានតុលាការកំពូល លោក អាបើឌុលឡា សាអ៊ីដ (Abdulla Saeed) និងចៅក្រមម្នាក់ទៀតគឺ លោក អាលី ហាមីដ (Ali Hameed) ត្រូវបានប៉ូលិសចាប់ខ្លួនតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីម៉ាល់ឌីវ ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារវិបត្តិនយោបាយ។
យ៉ាងណាក៏ដោយ ពុំទាន់មានការបញ្ជាក់ពីការស៊ើបអង្កេត និងការចោទប្រកាន់ណាមួយនោះទេ ដោយគ្រាន់តែគេដឹងថា ការចាប់ខ្លួននេះកើតមានឡើង ក្រោយលោក យ៉ាមីន (Yameen) បានបដិសេធមិនគោរពតាមដីការបស់តុលាការ ឱ្យដោះលែងអ្នកទោសនយោបាយ ជាច្រើននាក់។ ចំណែកឯ គណបក្សប្រឆាំងបានចោទប្រកាន់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺសកម្មភាពបោសសំអាត និងរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ។
គួរបញ្ជាក់ថា លោក Abdulla Yameen ដែលបានដឹកនាំប្រទេសតាមនយោបាយកណ្ដាប់ដៃដែក ចាប់តាំងពីឆ្នាំ២០១៣មក កំពុងប្រឈមមុខនឹងសម្ពាធទាំងនៅក្នុងស្រុក និងពីសហរដ្ឋអាមេរិក រួមទាំងឥណ្ឌាឱ្យដោះលែងអ្នកនយោបាយបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ ការប្រកាសពីអាសន្ននេះនឹងមានរយៈពេល ១៥ថ្ងៃ៕