(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងកម្លាំងស្វ័យការពារ (SDF) នៃប្រទេសជប៉ុន បានធ្លាក់នៅក្បែរសាលាបឋមសិក្សាមួយ កន្លែងនៅខេត្តសាហ្គា (Saga) ភាគពាយ័ព្យនៃកោះគ្យូស៊ុ (Kyushu) ប្រទេសជប៉ុន៕
២៖ ក្រុមបុរាណវិទូនៅក្នុងប្រទេសអេហ្ស៊ីប ទើបតែបានរកឃើញផ្នូរដ៏អស្ចារ្យមួយ ដែលមានអាយុកាលប្រមាណ ៤,៤០០ឆ្នាំ មកហើយ។ ក្រុមបេសកកម្មផ្នែកបុរាណវិទ្យាអេហ្ស៊ីប បានរកឃើញផ្លូរសម័យអាណាចក្របុរាណ របស់នារីម្នាក់មានឈ្មោះថា «Hetpet» ដែលជាមន្រ្តីជាន់ខ្ពស់ផ្នែកសាសនា នៅក្នុងព្រះរាជវាំងអេហ្ស៊ីប កាលពីអំឡុងចុងរជ្ជកាលទី៥ ដែលគេហៅថា Fifth Dynasty៕
៣៖ រដ្ឋាភិបាលឥណ្ឌានឹងបើកកិច្ចពិភាក្សាចរចាជាមួយភាគីអ៊ីស្រាអែល ដើម្បីទិញយកមីស៊ីលប្រដេញប្រឆាំងរថក្រោះ «Spike» នៅក្នុងរដ្ឋធានីញូដេលី នាថ្ងៃចន្ទនេះ៕
៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កំពុងពិចារណាលើជំនួបពិភាក្សាមួយទល់នឹងមួយជាមួយមន្រ្តីជាន់ខ្ពស់ កូរ៉េខាងជើង លោក គីម យ៉ុងណាំ (Kim Yong Nam) ដែលដឹកនាំគណៈប្រតិភូ ដើម្បីមកចូលរួមពិធីបើកព្រឹត្តិការណ៍ អូឡាំពិករដូវរងារនាសប្តាហ៍នេះ៕
៥៖ បើតាមទីភ្នាក់ងារអវកាសអាមេរិក NASA ដុំថ្មអវកាសមួយដែលធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនបានហោះមកក្បែរផែនដី កាលពីវេលាព្រឹកថ្ងៃចន្ទនេះ នៅរយៈចម្ងាយប្រហែល ៤.២លានគីឡូម៉ែត្រឯណោះពីភពរបស់យើង ប៉ុន្តែអ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺថាវាមានល្បឿនប្រមាណ ១២២,៣១០គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងអាចម៍ផ្កាយភាគច្រើន ផ្សេងទៀត៕
៦៖ ប្រធានាធិបតីតួកគី លោក រ៉េសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានអះអាងថា ភេរវករជិត ១,០០០នាក់ហើយ ត្រូវបានកម្ចាត់ចោលចាប់តាំងតែពីប្រទេសរបស់លោក បើកប្រតិបត្តិការយោធាយ៉ាងក្តៅគគុកចូលក្នុង តំបន់ Afrin ភាគខាងជើងស៊ីរី ដែលគ្រប់គ្រងដោយក្រុមអ្នកប្រយុទ្ធឃើដ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ៕