(តូក្យូ)៖ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងកម្លាំងស្វ័យការពារ (SDF) នៃប្រទេសជប៉ុន បានធ្លាក់នៅក្បែរសាលាបឋមសិក្សាមួយកន្លែង នៅខេត្តសាហ្គា (Saga) ភាគពាយ័ព្យនៃកោះគ្យូស៊ុ (Kyushu) ប្រទេសជប៉ុន។ នេះបើតាមសេចក្តីរាយការណ៍ ព័ត៌មានក្នុងស្រុករបស់ជប៉ុនផ្ទាល់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ស្នងការប៉ូលិសខេត្ត Saga បានទទួលព័ត៌មានថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅក្បែរសាលាបឋមសិក្សា ឈីយ៉ូដា ឈូប៊ុ (Chiyoda Chubu) ដែលស្ថិតក្នុងទីក្រុង កាន់ហ្សាគីស៊ិ (Kanzaki-shi) លើកោះ Kyushu កាលពីវេលាម៉ោង ៤៖៤៥នាទីល្ងាចថ្ងៃពុធនេះ (ពេលវេលានៅប្រទេសជប៉ុន)។
គួរជម្រាបថា បើតាមអាជ្ញាធរក្នុងតំបន់កើតហេតុ ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រខាងលើ បានបណ្តាលឲ្យអគារមួយខ្នងឆាបឆេះ នៅក្បែរសាលារៀន និងសាលាមត្តេយ្យមួយកន្លែង ក្នុងទីក្រុងកាន់ហ្សាគីស៊ិ។ ជាមួយគ្នានេះ សាក្សីនៅឯសាលាមត្តេយ្យបានឲ្យខ្លួនបានលឺសំលេងលាន់ឡើងដូចរន្ទះ ប៉ុន្តែបានបញ្ជាក់ថា ពុំមាននរណាម្នាក់នៅក្នុងសាលានោះ រងរបួសឡើយ។
ម៉្យាងវិញទៀត ក្រុមភ្នាក់ងារជួយសង្រ្គោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលមានផ្សែងខ្មៅខ្មួលខ្មាញ់ ហុយឡើងផ្ទៃអាកាសហើយ ខណៈគេពុំទាន់ដឹងថា ឧទ្ធម្ភាគច្រនោះមានផ្ទុកមនុស្សប៉ុន្មាននាក់ ហើយមានអ្នកបាត់បង់ជីវិត និងរួចរស់ជីវិតដែរ ឬក៏អត់ឡើយ៕