(ហាណូយ)៖ អតីតប្រធានក្រុមប្រឹក្សានាយកក្រុមហ៊ុនរដ្ឋ PetroVietnam Construction Corporation (PVC) លោក ទ្រិញ ហ្សួនថាញ់ (Trinh Xuan Thanh) ត្រូវបានតុលាការវៀតណាមកាត់ទោសជាលើកទី ២ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទមានចេតនាកឹបកេងទ្រព្យសម្បត្តិក្រុមហ៊ុនរដ្ឋ PetroVietnam Power Land Company (PVP Land)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសវនាការនៅថ្ងៃចន្ទនេះ តុលាការប្រជាជនទីក្រុងហាណូយ ក៏បានផ្ដន្ទាទោស ជនជាប់ចោទពីបទពុករលួយក្នុងសំណុំរឿង ក្រុមហ៊ុនប្រេងរដ្ឋ PVP Land ចំនួន ០៧នាក់ ផ្សេងទៀតឱ្យជាប់ពន្ធនាគារពី០៦ឆ្នាំ ដល់១៦ឆ្នាំ ផងដែរ។ ក្នុងចំណោមជនជាប់ទាំងនេះ រួមមាន លោក ឌិញ ម៉ាញ់ថាង (Dinh Manh Thang) ជាអតីតប្រធានក្រុមប្រឹក្សានាយកក្រុមហ៊ុនប្រេង សុងដា (Song Da Oil, Gas Investmen Commerce Company), ព្រមទាំងប្អូនប្រុស នៃអតីតសមាជិកការិយាល័យនយោបាយ បក្សកុម្មុយនីស្ដវៀតណាម លោក ឌិញ ឡាថាង (Dinh La Thang) គឺលោក ឌិញ ម៉ាញ់ថាង (Dinh Manh Thang) ដែលត្រូវជាប់ពន្ធនាគារ ០៩ឆ្នាំ។
បន្ថែមពីលើនេះ បើតាមសាលក្រុមតុលាការ លោក ទ្រិញ ហ្សួនថាញ់ (Trinh Xuan Thanh) មានអាយុ ៥២ឆ្នាំ គឺជាអ្នកទទួលខុសត្រូវដ៏សំខាន់ ចំពោះការសម្រេចចិត្តផ្ទេរភាគហ៊ុនជាង ១២លានហ៊ុន នៃក្រុមហ៊ុន PVP Land ដោយលក់វាក្នុងតម្លៃទាបជាងទីផ្សារធម្មតា ក៏ដូចជាកឹបកេងប្រាក់ជាង ១៤ពាន់លានដុង (៦១៩,០០០ដុល្លារ)។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែមករា តុលាការទីក្រុងហាណូយ ក៏បានចេញសាលក្រមកាត់ទោស លោក Trinh Xuan Thanh ឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ពីបទចោទមានចេតនារំលោភលើច្បាប់រដ្ឋ ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរ និងបទកឹបកេងទ្រព្យសម្បត្តិក្រុមហ៊ុនរដ្ឋ PetroVietnam។ ចំណែកឯ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម លោក Dinh La Thang ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៣ឆ្នាំ ពីបទចោទពុករលួយដូចគ្នា៕