(អាហ្វហ្គានីស្ថាន)៖ យោធាអាហ្វហ្គានីស្ថានបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ៣៤នាក់ ក្នុងនោះ ៣១នាក់ ជាក្រុមអ្នកប្រយុទ្ធ នៃបណ្តាញភេរវករ ISIS ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅឯខេត្តណាងហ្គាហារ (Nangarhar) ស្ថិតភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមយោធាអាហ្វហ្គានីស្ថាន ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ២៥នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសជាច្រើន លើតំបន់ ម៉ាហ៍ម៉ាន់ ដារ៉ា (Mahmand Dara) នៃស្រុក អាជីន (Achin) ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ បន្ថែមពីលើនេះ ក្រុមសកម្មយុទ្ធ ISIS ០៦នាក់ និងក្រុមតាលីបង់ ០៣នាក់ ក៏បានបាត់បង់ជីវិតផងដែរ ខណៈអ្នកប្រយុទ្ធ ១០នាក់ ទៀតមកពីក្រុមទាំងពីរនេះបានរង របួសក្រោយពួកគេប៉ះទង្គិចគ្នា យ៉ាងសាហាវនៅក្នុងស្រុកដដែល កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែនៅក្នុងការប៉ះទង្គិចគ្នានេះ មិនមានកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ឬជនស៊ីវិលណាម្នាក់រងរបួសនោះឡើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ១,៦០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយ ៨,៥០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមសម្តីមន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន៕