(អេក្វាឌ័រ)៖ ប្រជាជនអេក្វាឌ័របានចូលរួមក្នុងការបោះឆ្នោតប្រជាមតិមួយ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ដើម្បីកំណត់ថា តើគួរ ឬក៏មិនគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងការកំណត់អាណត្តិប្រធានាធិបតីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប្រធានគណៈកម្មធិការជាតិ រៀបចំការបោះឆ្នោត លោក នូប៊ីយ៉ា វីលឡាស៊ីស (Nubia Villacis) ការិយាល័យបោះឆ្នោតចំនួន ៣៥,០០០ទីតាំង នៅតែបន្តបើកទ្វារនៅឡើយរហូតដល់ម៉ោង ០៥៖០០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់) ហើយលទ្ធផលបោះឆ្នោតត្រូវបានគេរំពឹងថា នឹងប្រកាសនៅម៉ោង ៨៖០០នាទីយប់។ យ៉ាងណាក៏ដោយ ការបោះឆ្នោតប្រជាមតិខាងលើ ដែលធ្វើឡើងតាមការអំពានាវ របស់ប្រធានាធិបតីអេក្វាឌ័របច្ចុប្បន្ន លោក ឡេនីន ម៉ូរ៉េណូ (Lenin Moreno) ត្រូវបានគេមើលឃើញថា មានគោលបំណងទប់ស្កាត់មហិច្ឆតា និង ការប្រកួតប្រជែងក្នុងការបោះឆ្នោតសាជាថ្មី របស់អតីតប្រធានាធិបតីអេក្វាឌ័រ លោក រ៉ាហ្វាអែល ខូររៀ (Rafael Correa)។
គួរបញ្ជាក់ថា លោក Rafael Correa ធ្លាប់កាន់តំណែងជាប្រធានាធិបតីអេក្វាឌ័រពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧។ លោកបានទៅរស់នៅក្នុងប្រទេសប៊ែលហ្សិក ជាមួយគ្រួសារ ហើយទើបតែនឹងត្រឡប់មកស្រុកកំណើតវិញ កាលពីដើមខែមករា ដើម្បីធ្វើ យុទ្ធនាការស្វែងរកការគំាទ្រ មិនឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប៉ុន្តែលោក Lenin Moreno យល់ថា ការកំណត់អាណត្តិប្រធានាធិបតី គឺជារឿងចាំបាច់សំដៅធានាឱ្យបានគោលការណ៍ផ្លាស់ប្ដូរ នៃចលនានយោបាយផ្សេងៗពីគ្នា៕