(អាហ្សង់ទីន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការរឹត បន្តឹងការនាំចូលប្រេងឆៅពីវេណេស៊ុយអេឡា និងការនាំចេញផលិតផលប្រេងរបស់អាមេរិក ទៅកាន់ប្រទេសក្នុងតំបន់ អាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព៌ត៌មានមួយ ដោយកត់សម្គាល់ពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ នៅឯទីក្រុង បួណូស អ៊ែរែស (Buenos Aires) ប្រទេសអាហ្សង់ទីន លោក ធីល្លឺសុន បានលើកឡើងយ៉ាងដូច្នេះថា «ទិដ្ឋភាពមួយនៃការពិចារណាដាក់ ទណ្ឌកម្មប្រេង នោះគឺថា វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនវេណេស៊ុយអេឡាដែរ ឬទេ? ហើយថាវាគឺជាជំហាន ដែលអាចបញ្ចប់ស្ថានភាពបច្ចុប្បន្នដែរ ឬក៏យ៉ាងណា?»។
ជាមួយគ្នានោះ ការពិចារណាលើការដាក់ទណ្ឌកម្មនេះ ក៏ទទួលបានការឯកភាពពី រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក ហ្សក ហ្វូរី (Jorge Faurie) ប៉ុន្តែលោកថា ការដាក់ទណ្ឌកម្មណាមួយមិនគួរធ្វើឱ្យប៉ះពាល់ដល់ ប្រជាជនវេណេស៊ុយអេឡានោះទេ។
គួរបញ្ជាក់ថា លោក ធីល្លឺសុន កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអាហ្សង់ទីន ហើយនឹងត្រូវជួបជាមួយប្រធានាធិបតី លោក Mauricio Macri នៅថ្ងៃចន្ទនេះ មុននឹងបន្តដំណើរទៅកាន់ប្រទេសប៉េរូ កូឡុំប៊ី និងចាម៉ៃកា បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅមិចស៊ីកូ៕