(សេអ៊ូល)៖ មន្រ្តីកីឡា និងអត្តពលិករុស្ស៊ីសរុប ១៥រូបមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ ឆ្នាំ២០១៨ ដែលមានកូរ៉េខាងត្បូងធ្វើម្ចាស់ផ្ទះឡើយ ដោយសារតែជាប់ពាក់ព័ន្ទទៅ នឹងករណីប្រើសារធាតុប៉ូវកម្លាំងនាពេលកន្លងមក។
តាមរយៈសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Malaymail បានឲ្យដឹងថា «ការសម្រេចនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាវិន័យពិសេស ក្នុងគោលបំណងមិនបញ្ចូលឈ្មោះរបស់ពួកគេនៅក្នុងកម្មវិធី Olympic Winter Games 2018 នៅទីក្រុង Pyeongchang បន្ថែមទៀតនោះ ហើយពួកយើងក៏មិនចង់បានអត្តពលិកជាប់បម្រាមចូលរួមប្រកួតក្នុងអូឡាំពិកនោះដែរ»។
សូមបញ្ជាក់ផងដែរថា អត្តពលិករុស្ស៊ីចំនួន ១៣នាក់ និងមន្រ្តី២រូប (អតីតធ្លាប់ជាកីឡាករ) ត្រូវបានត្រូវបានតុលាការកីឡាសម្រេចព្យួរជើងមិនឲ្យធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងកីឡាអស់១ជីវិត ក្នុងចំណោមអត្តពលិករុស្ស៊ី ២៨រូបដែលត្រូវបានគេធ្វើការស៊ើបអង្កេតរកឃើញជាប់ពាក់ព័ន្ធនឹងការប្រើសារធាតុញៀន (សារធាតុប៉ូវកម្លាំង)។
តែយ៉ាងណាក៏ដោយ IOC ក៏បានអនុញ្ញតឲ្យអត្តពលិករុស្ស៊ីប្រមាណ ១៦៩នាក់ចូលរួមប្រកួតក្នុងយុទ្ធនាការដែលមាន រយៈពេល ៤ឆ្នាំម្តង Pyeongchang Olympic Winter 2018 នៅប្រទេសកូរ៉េខាងត្បូងក្នុងចំណោមអត្តពលិកមកពី ៩២ប្រទេសដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដ៏ខ្លីខាងមុខនេះដែរ៕