(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កំពុងពិចារណាលើជំនួបពិភាក្សាមួយទល់នឹងមួយ ជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុងណាំ (Kim Yong Nam) ដែលដឹកនាំគណៈប្រតិភូ ដើម្បីមកចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងារ នាសប្តាហ៍នេះ។ នេះបើតាមការឲ្យដឹងពីមន្រ្តីនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់សម្តីដោយទីភ្នាក់ងារចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ការបង្ហើបព័ត៌មានខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបញ្ជាក់ទទួលស្គាល់ថា លោក Kim Yong Nam ដែលជាប្រធានសភាជាន់ខ្ពស់របស់កូរ៉េខាងជើង នឹងដឹកនាំគណៈប្រតិភូជាង ២០នាក់ មកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេលបីថ្ងៃពោលគឺរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក PyeongChang 2018 ដែលនឹងចាប់ផ្តើមពីថ្ងៃទីសុក្រ សប្តាហ៍នេះតទៅ។ ជុំវិញការសម្រេចចិត្តចុងក្រោយ ជុំវិញជំនួបរវាងលោក មូន និងលោក Kim មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ព្រោះថារឿងនេះក៏ត្រូវការសាកសួរយោបល់ ពីភាគីកូរ៉េខាងជើងផងដែរ។
ដោយឡែក សម្រាប់លទ្ធភាពដែលថា លោក Kim Yong Nam អាចនឹងជួបអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផេន (Mike Pence) ដែលនឹងជួសមុខឲ្យលោក ដូណាល់ ត្រាំ ដឹកនាំប្រតិភូមកចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអន្តរជាតិនេះដូចគ្នា ដែរឬយ៉ាងណានោះ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង បានសុំមិនធ្វើអត្ថាធិប្បាយឡើយ។
គួរជម្រាបថា នៅក្នុងរចនាសម្ព័ន្ធនៃអំណាចរបស់ប្រទេសកូរ៉េខាងជើង លោក Kim Yong Nam វ័យ ៩០ឆ្នាំ ក៏មានតួនាទីជាប្រមុខរដ្ឋមិនកាន់អំណាច ពោលគឺជាមេដឹកនាំលំដាប់ទីពីរ ដែលនៅក្រោមលោកប្រមុខដឹកនាំកំពូលផុតលេខ លោក គីម ជុងអ៊ុន តែម្នាក់គត់ ហើយដំណើររបស់លោក មកដល់កូរ៉េខាងត្បូងនៅថ្ងៃមុខនេះ ពិតជារឿងដ៏កម្របំផុតមួយផងដែរ៕