​(សេអ៊ូល)៖ កូរ៉េខាងត្បូង​នៅថ្ងៃចន្ទនេះ​ បានសម្ដែងការសា្វគមន៍​ចំពោះ​កូរ៉េខាងជើង ដែលបានបញ្ជូន​ប្រតិភូ​ជាន់ខ្ពស់នៃរដ្ឋាភិបាល ដឹកនាំដោយ​ប្រធានសភាកំពូល មក​ចូលរួមក្នុងព្រឹត្តិការណ៍​កីឡាអូឡាំពិក​រ​ដូវរងារ រៀប​ចំឡើងនៅលើទឹកដី​កូរ៉េខាងត្បូង នៅក្នុង​សប្ដាហ៍នេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​ដ៏ខ្លីមួយ អ្នកនាំពាក្យ​ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង លោក ប៊ែក តែយុន (Baik Tae-hyun) បានឱ្យ ដឹងថា រដ្ឋាភិបាល​ទីក្រុងសេអ៊ូល​ស្វាគមន៍ចំពោះ​ដំណើរទស្សនកិច្ច​ របស់ប្រធាន​សភា​ជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុងណាំ (Kim Yong-nam) មកកាន់​កូរ៉េខាងត្បូង ដោយថែម​ទាំងបញ្ជាក់​ទៀតថា នឹងជួយផ្ដល់​ការស្នាក់នៅ និងធានា​ការពារសុវត្ថិភាព​ នៅអំឡុងពេល​ស្នាក់របស់​ក្រុមប្រតិភូ​កូរ៉េខាងជើង។

គួរបញ្ជាក់ដែរថា បើតាមទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA គណៈប្រតិភូ​ជាន់ខ្ពស់កូរ៉េខាងជើង​មួយក្រុម ដឹកនាំ​ដោយ លោក Kim Yong Nam នឹងចេញដំណើរ​ទៅកាន់ប្រទេស​កូរ៉េខាងត្បូង នាពេលឆាប់ៗនេះ ដើម្បី​ចូល​រួមពិធីបើក​ការប្រកួត​កីឡាអូឡាំពិក​រដូវរងារ​លើកទី ២៣។ ព្រឹត្តិការណ៍​កីឡានេះ នឹងប្រព្រឹត្ត​ទៅពី​ថ្ងៃទី០៩ ដល់ទី២៥ ខែកុម្ភៈ ​នៅឯ​ទីក្រុងព្យឿងចាង (PyeongChang) ប្រទេស​កូរ៉េ​ខាង​ត្បូង៕