(តេហេរ៉ង់)៖ តុលាការអ៊ីរ៉ង់បានកាត់ទោសចារកម្មម្នាក់ ឱ្យជាប់ពន្ធនាគារ ០៦ឆ្នាំ សម្រាប់អំពើក្បត់លួចយកការណ៍ ឱ្យទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក និងអឺរ៉ុប ពាក់ព័ន្ធនឹងព័ត៌មាននុយក្លេអ៊ែរ និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង។ នេះបើតាមអគ្គរដ្ឋអាជ្ញាអ៊ីរ៉ង់ លោក អាប់បាស់ ហ្សាហ្វារី ដូវឡាតាបាឌី (Abbas Jafari Dowlatabadi) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Jafari Dowlatabadi បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ចារកម្មម្នាក់ ដែលបានជួបជាមួយទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក ០៩លើក ព្រមទាំងបានបញ្ជូនព័ត៌មាន ទាក់ទិននឹងនុយក្លេអ៊ែរអ៊ីរ៉ង់ ឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ០៦ឆ្នាំ ក៏ដូចជាត្រូវរឹបអូសប្រាក់ទំាងអស់ ដែលបានមកពីការធ្វើចារកម្ម»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ចារកម្មម្នាក់ខាងលើ ក៏បានផ្ដល់ព័ត៌មានស្ដីពីទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ឱ្យ សហរដ្ឋអាមេរិកផងដែរ៕