(ញូដេលី)៖ នាវាដឹកប្រេងមួយគ្រឿងមានក្រុមនាវិកឥណ្ឌា ២២នាក់នៅលើនោះ បានបាត់ខ្លួននៅឯដែនទឹកនៃតំបន់អាហ្រ្វិកខាងលិច ជាទីដែលសម្បូរដោយក្រុមចោរសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
នាវាដឹកប្រេងឈ្មោះ MT Marine Express ចុះបញ្ជីនៅក្នុងប្រទេសប៉ាណាម៉ា និងផ្ទុកប្រេង ១៣,៥០០តោន បានឈប់សំចតនៅទីក្រុង កូតូនូ (Cotonou) នៃប្រទេស ប៊ែរណីន (Benin) មុននឹងដាច់ការទាក់ទង ជាមួយក្រុមអាជ្ញាធរឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍។ «បេសកកម្មទូតរបស់យើងនៅក្នុងទីក្រុង អាប៊ូចា (Abuja) នៃប្រទេសនីហ្សេរីយ៉ា កំពុងទាក់ទងជាមួយអាជ្ញាធរនៅក្នុងប្រទេស Benin និងនីហ្សេរីយ៉ា ដើម្បីជួយកំណត់ទីតាំងដែលនាវានេះស្ថិតនៅ ក៏ដូចជាឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហានេះ»។ នេះជាការលើក ឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា។
គួររំលឹកថា កាលពីខែមករា នាវាឈ្មោះ MT Barret ក៏បានបាត់ខ្លួនផងដែរ ប៉ុន្តែក្រោយមកសមាជិកនាវិក ក្នុងនោះភាគច្រើនជាជនជាតិឥណ្ឌា ត្រូវបានដោះលែងនៅ ០៦ថ្ងៃ បន្ទាប់ក្រោយបង់ប្រាក់លស់ចំណាប់ខ្មាំង។ នាវាជាច្រើនបានក្លាយជាគោលដៅ របស់ក្រុមចោរសមុទ្រនៅឯតំបន់ឈូងសមុទ្រហ្គីណេ ដែលតែងតែរំខាន និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារដល់ការធ្វើ ចរាចរណ៍ដឹកទំនិញ៕