(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក រ៉េសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានអះអាងថា ភេរវករជិត ១,០០០នាក់ហើយ ត្រូវបានកម្ចាត់ចោល ចាប់តាំងតែពីប្រទេសរបស់លោក បើកប្រតិបត្តិការយោធាយ៉ាងក្តៅគគុក ចូលក្នុងតំបន់ Afrin ភាគខាងជើងស៊ីរី ដែលគ្រប់គ្រងដោយក្រុមអ្នកប្រយុទ្ធឃើដ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅនៅចំពោះមុខក្រុមអ្នកសារព័ត៌មានក្នុងស្រុក មុនពេលដែលលោកប្រធានាធិបតីតួកគី បានចាកចេញដំណើរទៅកាន់បុរីវ៉ាទីកង់ (Vatican) និងប្រទេសអ៊ីតាលី ដើម្បីបំពេញទស្សនកិច្ច។ ខណៈក្រុមសកម្មប្រយុទ្ធឃើដសរុប ៩៣៥នាក់បានស្លាប់ តួកគីក៏បានបាត់បង់ជីវិតពលទាហានចំនួន ០៨នាក់ផងដែរ កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលប្រការនេះធ្វើឲ្យចំនួនកងទ័ពតួកគី ដែលស្លាប់សរុបមានចំនួន ១៤នាក់ គិតចាប់តាំងតែពីទីក្រុងអង់ការ៉ា បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដែលខ្លួនហៅថា Operation Olive Branch ក្រោមការសហការពីក្រុមឧទ្ទាមស៊ីរី Free Syrian Army។
គួរជម្រាបថា ការបើកប្រតិបត្តិការខាងលើនេះ ត្រូវបានធ្វើឡើងដោយសារតែទីក្រុងអង់ការ៉ា បានរង្គាសចិត្តជាខ្លាំង ចំពោះការដែលសហរដ្ឋអាមេរិក បានផ្តល់ការហ្វឹកហាត់ និងផ្គត់ផ្គង់សព្វាវុធ ទៅឲ្យក្រុមប្រដាប់អាវុធឃើដ YPG ដើម្បីប្រែក្លាយទៅជាកងកម្លាំងគួរឲ្យទុកចិត្ត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ISIS ហើយថែមទាំងបានគំរាមប្រើយោធា ប្រឆាំងនឹងតំបន់គ្រប់គ្រងដោយកង YPG គឺតំបន់ Manbij នៅភាគខាងជើងស៊ីរីដូចគ្នា និងជាទីដែលកងប្រតិបត្តិការពិសេសរបស់អាមេរិកឈរជើង៕