(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានបញ្ជាក់យ៉ាងច្បាស់នាថ្ងៃចន្ទនេះថា ទីក្រុងព្យុងយ៉ាង នឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ តំណាងរដ្ឋាភិបាលរបស់ខ្លួន ឲ្យទៅចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារ នៅឯទឹកដីកូរ៉េខាងត្បូង នាសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់មួយក្រុម នៃប្រទេសកូរ៉េខាងជើង ដែលដឹកនាំដោយ លោក គីម យ៉ុង ណាំ (Kim Yong Nam) ប្រធានសភាកូរ៉េខាងជើង នាឆាប់ៗនេះនឹងចេញដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារលើកទី ២៣។
គួរជម្រាបថា ការដែលទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ព្រមព្រៀងគ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ និងប៉ារ៉ាអូឡាំពិក (សម្រាប់ជនពិការ) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ទី២៥ ខែកុម្ភៈ នៅឯទីក្រុង ព្យឿងចាង (PyeongChang) របស់កូរ៉េខាងត្បូង កាលពីខែមករាកន្លងទៅ គឺជាសញ្ញាវិជ្ជមានមួយ ដែលអាចបន្ធូរបន្ថយភាពតានតឹង នៅក្នុងចំណងទាក់ទងនៃកូរ៉េទាំងពីរ នៅឆ្នាំថ្មីនេះ។
ជាមួយគ្នានេះ ក្រុមអត្តពលិកនៃប្រទេសទាំងពីរ នឹងរួមគ្នាដើរដង្ហែរនៅក្រោមទង់ជាតិ ដែលតំណាងឲ្យការបង្រួបបង្រួមជាតិ នៅពេលឈានជើងចូលពហុកីឡាដ្ឋាន នៅឯពិធីបើកព្រឹត្តិការណ៍កីឡាំអូឡាំពិក ខណៈវិញ្ញាសារមួយចំនួន នឹងត្រូវប្រកួតរួមគ្នាដោយអត្តពលិកមកពីប្រទេសទាំងពីរ៕