(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានបង្ហាញការជំទាស់យ៉ាងខ្លាំង នឹងការចេញរបាយការណ៍ស្ដីពីអំណាចនុយក្លេអ៊ែរអាមេរិក ឬគេស្គាល់ថា US Nuclear Posture Review ដោយនិយាយពីថាមពលនុយក្លេអ៊ែររបស់ចិនថាមិនមានភាពច្បាស់លាស់ ចំពោះសន្តិសុខពិភពលោក។ ព្រមពេលជាមួយគ្នា ចិនក៏បានអះអាងផងដែរថា នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរគំរាមកំហែង គេឯងមុនឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រតិកម្មរបស់ទីក្រុងប៉េកាំង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ កន្លងទៅ បានចេញរបាយការណ៍មួយស្ដីពី អំណាចនុយក្លេអ៊ែរអាមេរិកដោយបានចាត់ទុកថាថាមពលនុយក្លេអ៊ែររបស់ចិន រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង មិនមានភាពច្បាស់ លាស់ចំពោះសន្តិសុខពិភពលោក។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន លោក Ren Guoqiang បានគូសបញ្ជាក់ដូច្នេះថា៖ «ចិនតែងតែមានការអត់ធ្មត់ខ្ពស់ជានិច្ចចំពោះការអភិវឌ្ឍន៍និងការរក្សាអាវុធនុយក្លេអ៊ែរ ឱ្យនៅក្នុងកំរិតទាប...លើសពីនេះទៅទៀត ចិននឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរគំរាមកំហែងប្រទេសដទទៃមុនឡើយ»។ បន្ថែមពីនេះលោក Guoqiang ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា សហរដ្ឋអាមេរិកដែលជាឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេនៅលើ លោកនឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ហើយបោះបង់ចោលគំនិតបង្កសង្រ្គាមត្រជាក់។
គួរបញ្ជាក់ថា របាយការណ៍ស្ដីពីអំណាចនុយក្លេអ៊ែរអាមេរិក ឬគេស្គាល់ថា US Nuclear Posture Review គឺជាគោលនយោ បាយមួយដែលពិនិត្យឡើងវិញនូវគោលនយោបាយនុយក្លេអ៊ែរ យុទ្ធសាស្ត្រ សមត្ថភាព សម្រាប់រយៈពេល ០៥ឆ្នាំទៅ១០ឆ្នាំ ខាងមុខទៀត៕