(ប៊ែរឡាំង)៖ នាយកទីភ្នាក់ងារស៊ើបការសំងាត់អាល្លឺម៉ង់នៅក្នុងស្រុក (BfV) លោក Hans-Georg Maassen បាននិយាយថា កូរ៉េខាងជើងបានប្រើប្រាស់ស្ថានទូតរបស់ខ្លួន ប្រចាំទីក្រុងប៊ែរឡាំងដើម្បីលួចលាក់ទិញបរិក្ខារ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍កម្មវិធីអាវុធនិងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Hans-Georg Maassen ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍អាល្លឺម៉ង់ ARD ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ។ ថ្លែងនាឱកាសនោះដែរ លោក Maassen បានលើកឡើងដូច្នេះថា៖ «យើងបានកត់សម្គាល់ឃើញថា មានសកម្មភាពទិញបរិកា្ខរ និងបច្ចេកវិទ្យាជាច្រើន ត្រូវបានធ្វើឡើងនៅក្នុងស្ថានទូតកូរ៉េខាងជើង ប្រចំាទីក្រុងប៊ែរឡាំង។ លើសពីនេះទៅទៀត យើងគិតថាបរិក្ខារនិងបច្ចេកវិទ្យាទំាងនោះគឺសម្រាប់ការអភិវឌ្ឍន៍គ្រាប់មីស៊ីល និងកម្មវិធីអាវុធនុយក្លេអ៊ែរ»។
ដោយឡែកបើទោះជាមិនបានបញ្ជាក់ពីប្រភពច្បាស់លាស់នៃបច្ចេកវិទ្យា ដែលកូរ៉េខាងជើងបានទិញក៏ដោយ តែនាយកទីភ្នាក់ងារស៊ើបការសំងាត់រូបនេះបានអះអាងថា វាអាចមានប្រភពពីស៊ីវិល ឬក៏យោធា។ «នៅពេលយើងដឹងពីរឿងបែបនេះ យើងនឹងបញ្ឈប់ ប៉ុន្តែយើងមិនធានាឡើយថាយើងអាចបញ្ឈប់រាល់ការប៉ុនប៉ងរបៀបនេះ»។ នេះបើតាមលោក Hans-Georg Maassen។
សូមជម្រាបថា បើតាមស្ថានីយទូរទស្សន៍ ARD ទីភ្នាក់ងារស៊ើបការសំងាត់អាល្លឺម៉ង់នៅក្នុងស្រុក (BfV) ទទួលបានព័ត៌មានពីការទិញបច្ចេកវិទ្យានេះនៅចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧៕