(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់៣០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិ ការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអាកាសរុស្ស៊ីនៅខេត្ត Idlib ជាទីដែលយន្ដហោះចម្បាំងរបស់ខ្លួនធុន Su-25 មួយ គ្រឿងត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមក្រសួងការពារជាតិរុស្ស៊ី កងទ័ពអាកាសរុស្ស៊ី បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើខេត្ត Idlib គ្រប់គ្រង ដោយពួកភេរវករនៃអតីតរណសិរ្ស al-Nosra ជាទីដែលយន្ដហោះចម្បាំង Su-25 ត្រូវបានបាញ់ទម្លាក់។ «ការវាយប្រហារ តាមផ្លូវអាកាសត្រូវបានធ្វើលើតំបន់របស់ពួកភេរវករ al-Nosra នៅក្នុងខេត្ត Idlib ជាទីដែលមីស៊ីលប្រឆាំងនឹងយន្ដហោះ ត្រូវបានពួកភេរវករប្រើប្រាស់បាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ី Su-25 ហើយនៅក្នុងការវាយប្រហារនេះទៀតសោត ពួកភេរវករ៣០នាក់ត្រូវបានសម្លាប់»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ នោះដែរ ក្រុមឧទ្ទាមត្រូវគេរាយការណ៍ថា បានបាញ់ទម្លាក់យន្តហោះចម្បាំង មួយគ្រឿងរបស់ប្រទេសរុស្ស៊ី នៅលើដែនអាកាសនៃខេត្ត Idlib ភាគពាយ័ព្យស៊ីរី ខណៈអាកាសយានិកត្រូវបានចាប់ខ្លួន និង ក្រោយមកត្រូវបានគេសម្លាប់៕