(ស៊ីរី)៖ ក្រុមឧទ្ទាមត្រូវគេរាយការណ៍ថា បានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្ស៊ី នៅលើដែនអាកាសនៃខេត្ត Idlib ភាគពាយ័ព្យស៊ីរី ខណៈអាកាសយានិកត្រូវបានចាប់ខ្លួន។ នេះបើតាមការអះអាងពីក្រុមឃ្លាំមើលស្ថានការណ៍ស៊ីរី ដកស្រង់ដោយសារព័ត៌មាន BBC នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមការអះអាងពីលោក Rami Abdel ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក្រុមឧទ្ទាមប្រដាប់អាវុធ បានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងប្រភេទ Sukhoi 25 ហើយអាកាសយានិកជនជាតិរុស្ស៊ីរបស់យន្តហោះ បានធ្លាក់ចុះមកដល់ដីដោយប្រើឆ័ត្រយោង មុនពេលដែលត្រូវបានគេចាប់ឃាត់ខ្លួន។
គួរជម្រាបថា ភ្លាមៗបែបនេះ លោក Abdel មិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេថា តើក្រុមឧទ្ទាមខាងណា ដែលបានធ្វើការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី ក៏ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ព្រមទាំងពួក Hayat Tahir al-Sham (HTS) គឺមានសកម្មភាពបំផុតនៅក្នុងតំបន់នោះ៕