(ញូដេលី)៖ មេបញ្ជាការកងទ័ពអាកាសអាមេរិក នាយឧត្តមសេនីយ៍ David Goldfein នាថ្ងៃសោរ៍ បានឡើងធ្វើការបញ្ជាហោះហើរដោយផ្ទាល់ដៃនូវយន្តហោះចម្បាំង Tejas ដែលជាស្នាដៃផលិតរបស់ឥណ្ឌា នៅឯរដ្ឋ Rajasthan នៃប្រទេសអាស៊ីខាងត្បូងមួយនេះ ដោយវាគឺជាសញ្ញាមួយផ្សេងទៀត ដែលឆ្លុះបញ្ចាំងឲ្យឃើញពីចំណងមិត្តភាពកាន់តែរឹងមាំនៃប្រជាជាតិទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមការបង្ហោះសារលើបណ្តាញ Twitter ដោយកងទ័ពអាកាសឥណ្ឌា នាយឧត្តមសេនីយ៍ David Goldfein ដែលជាប្រធានសេនាធិការនៃកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវការមួយ នៅក្នុងប្រទេសឥណ្ឌា ហើយលោកបានធ្វើការហោះហើរយហន្តហោះចម្បាំង Tejas នៅឯមូលដ្ឋានទ័ពអាកាសឥណ្ឌា ក្នុងទីក្រុង Jodhpur។ នាឱកាសនោះ ឧត្តមសេនីយ៍ទោ Singh នៃកងទ័ពអាកាសឥណ្ឌា បានអមដំណើរធ្វើអាកាសយានិកបម្រុង។
គួរជម្រាបថា យន្តហោះចម្បាំង Tejas ដែលផលិតក្រោយក្រុមហ៊ុនរដ្ឋ Hindustan Aeronautics Limited គឺជាយន្តហោះចម្បាំងម៉ាស៊ីនមួយ និងមានសមត្ថភាពចំរុះ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរទ័ពអាកាសប្រទេសឥណ្ឌា កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយវាគឺជាលើកទីមួយ ដែលមេបញ្ជាការយោធារបស់បរទេស បានធ្វើការហោះហើរយន្តហោះចម្បាំងរបស់ឥណ្ឌា៕