(រ៉ូម)៖ បុរសម្នាក់បានធ្វើសកម្មភាពបាញ់រះទាំងកម្រោល ចេញពីរថយន្តរបស់ខ្លួន ទៅលើអ្នកដំណើរថ្មើរជើង នៅទីក្រុង Macerata ភាគកណ្តាលនៃប្រទេសអ៊ីតាលី ដែលជាលទ្ធផលបានបណ្តាលឲ្យ ជនអន្តោប្រវេសន៍អាហ្រ្វិក០៦នាក់រងរបួស តែគ្មានអ្នកបាត់បង់ជីវិតឡើយ។ បើតាមប៉ូលិស វាគឺជាការវាយប្រហារ ដែលកើតចេញពីការប្រកាន់រើសអើងពូជសាសន៍ ហើយជនបង្កក៏ត្រូវឃាត់ខ្លួនបានផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីតាលី ជនអន្តោប្រវេសន៍យ៉ាងតិច០៦នាក់ ដោយក្នុងនោះមានស្រី្តម្នាក់ បានរងរបួសដោយសារការបាញ់ប្រហារពី បុរសម្នាក់បើករថយន្តពណ៌ខ្មៅមួយគ្រឿងម៉ាក Alfa Romeo នៅក្នុងទីក្រុងខាងលើ ដែលស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីរដ្ឋធានីរ៉ូម ហើយធ្វើសកម្មភាពបាញ់ប្រហារចេញពីកញ្ចក់រថយន្តរបស់ខ្លួន។ ស្ថានីយ៍ទូរទស្សន៍អ៊ីតាលី Rai បានឲ្យដឹងថា ជនដៃដល់ គឺជាបុរសស្បែកសជនជាតិអ៊ីតាលីវ័យ២៨ឆ្នាំ រស់នៅក្នុងទីក្រុង Macerata ផ្ទាល់ ហើយត្រូវប៉ូលិសចាប់ខ្លួនបាន នៅ០២ម៉ោងក្រោយ ការធ្វើសកម្មភាព ខណៈជនរងគ្រោះសុទ្ធតែជាជនជាតិស្បែកខ្មៅ។
គួរជម្រាបថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីសាកសពយុវតីជនជាតិអ៊ីតាលីវ័យ១៨ម្នាក់ ដែលត្រូវបានគេកាត់ជាកង់ៗ ត្រូវបានរកឃើញនៅក្នុងវ៉ាលីសចំនួនពីរ ដែលត្រូវបានគេលាក់ទុក នៅជាយក្រុង Macerata ហើយជនអន្តោប្រវេសន៍មកពីប្រទេសនីហ្សេរីយ៉ាម្នាក់វ័យ២៩ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោមការសង្ស័យមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់នារីដ៏អភ័ព្វរូបនោះ៕