(អាំម៉ាន់)៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រហ្សកដានី បានចេញព្រះរាជក្រឹត្យមួយ ក្រោយទទួលបានសំណើពីគណរដ្ឋមន្ត្រី ដោយប្រទេសនេះសម្រេចកាត់ផ្តាច់ចំណងការទូតទាំងស្រុង ជាមួយនឹងសាធាណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្តីប្រកាស ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ សប្តាហ៍នេះ ប្រទេសហ្សកដានី លែងមានទំនាក់ទំនងការទូតអ្វីទាំងអស់ ជាមួយនឹងប្រទេសកូរ៉េខាងជើងទៀតហើយ។ ហេតុដូច្នេះមន្ត្រីទូតហ្សកដានី ប្រចាំនៅកូរ៉េខាងជើងដែលមានមូលដ្ឋាននៅប្រទេសចិន ក៏នឹងត្រូវកោះហៅឲ្យត្រឡប់មកប្រទេសដើមវិញ និងបញ្ចប់តួនាទីទាំងអស់ផងដែរ។
គួរបញ្ជាក់ថា ការសម្រេចរបស់ហ្សកដានី មិនមែនកើតឡើងភ្លាមៗនោះឡើយ ដោយប្រទេសនេះបានចាប់ផ្តើមប្រកាស នឹងធ្វើតាមផែនការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ តាំងតែពីឆ្នាំមុន ហើយជាពិសេសនោះប្រជាជាតិនាតំបន់មជ្ឈិមបូព៌ាមួយនេះ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយដែរ របស់សហរដ្ឋអាមេរិក៕