(ប៉េកាំង)៖ ឆ្លើយតបចំពោះការលើកឡើងដ៏រសើប ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន កាលពីពេលថ្មីៗនេះថា ប្រទេសអាមេរិកឡាទីន គួរតែកុំពឹងផ្អែកខ្លាំងជ្រុលពេក ទៅលើចំណងសេដ្ឋកិច្ចជាមួយប្រទេសចិននោះ ឯកអគ្គរដ្ឋទូតម៉ិចស៊ីកូប្រចាំទីក្រុងប៉េកាំង បានឆ្លើយតបវិញថា ការអភិវឌ្ឍរបស់ចិន គឺជាឱកាស មិនមែនជាការគំរាមកំហែងនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ចូស ប៊ឺណាល់ (Jose Bernal) ឯកអគ្គរដ្ឋទូតម៉ិចស៊ីកូប្រចាំនៅប្រទេសចិន បានអះអាងយ៉ាងដូច្នេះថា «ការវិនិយោគរបស់ចិន ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិតជាសំខាន់ណាស់ សម្រាប់តំបន់អាមេរិកឡាទីន។ យើងបានឃើញនូវឱកាស ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមរយៈការជ្រៀតចូលទីផ្សារចិន»។ លោក ចូស បានបន្ថែមទៀតថា កំណែទម្រង់ស៊ីជម្រៅរបស់ចិន និងការបើកចំហនយោបាយ បានផ្តល់នូវឱកាសពាណិជ្ជកម្មជាច្រើន ដល់បណ្តាប្រទេសអាមេរិកឡាទីន។
គួរបញ្ជាក់ថា ការឆ្លើយតបរបស់តំណាងម៉ិចស៊ីកូខាងលើនេះ បានកើតមានឡើងបន្ទាន់ពីប្រទេសចិនបញ្ចេញប្រតិកម្មថា សហរដ្ឋអាមេរិកបានប្រមាថទៅលើ បណ្តាប្រទេសនៅអាមេរិកឡាទីន ក្រោយពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បានព្រមានប្រទេសនានានៅក្នុងតំបន់នោះ អំពីការពឹងផ្អែកលើសលប់ខ្លាំងពេក ទៅលើចំណងសេដ្ឋកិច្ចជាមួយប្រទេសចិន៕