(ញូយ៉ក)៖ កូរ៉េខាងជើងត្រូវគេរកឃើញថា ទទួលបានចំណូលជិត ២០០លានដុល្លារ ពីការនាំចេញធ្យូងថ្ម ព្រមទាំងទំនិញដទៃៗទៀត ដែលស្ថិតក្រោមការហាមឃាត់កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ អង្គការសហប្រជាជាតិ (UN) ដកស្រង់ដោយស្ថានីយទូរទស្សន៍ CNN នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
របាយការណ៍ខាងលើ ត្រូវបានរៀបចំដោយក្រុមអ្នកជំនាញ ដែលបានធ្វើការស៊ើបអង្កេតទៅលើប្រទេសកូរ៉េខាងជើង ហើយវាត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការមួយរបស់ UN ដែលទទួលបន្ទុកលើបញ្ហាកូរ៉េខាងជើង ខណៈ CNN ទទួលបានចំណុចសំខាន់ៗ នៃរបាយការណ៍ខាងលើ ពីមន្រ្តីកិច្ចទូតមួយរូបរបស់ UN។
បើតាមការចង្អុលបង្ហាញពីរបាយការណ៍នេះ ទោះបីជាបានទទួលរងទណ្ឌកម្មជាបន្តបន្ទាប់ ពីអន្តរជាតិយ៉ាងណាក្តី កូរ៉េខាងជើងបានលួចធ្វើការនាំចេញស្ទើរតែទាំងអស់នូវ ទំនិញដែលត្រូវបានហាមប្រាម នៅក្នុងសេចក្តីសម្រេចដាក់ទណ្ឌកម្មរបស់ UN កាលពីចន្លោះខែមករា និងខែកញ្ញា ឆ្នាំ២០១៧។
របាយការណ៍ដដែល ក៏បានលើកឡើងផងដែរ ទីក្រុងព្យុងយ៉ាងបានធ្វើការនាំចេញធ្យូងថ្ម ទៅកាន់ប្រទេសចិន ម៉ាឡេស៊ី រុស្ស៊ី និងវៀតណាម ព្រមទាំងបានធ្វើការក្លែងបន្លំឯកសារ ដើម្បីបិទបាំងប្រភពដើម នៃធ្យូងទាំងនោះថែមទៀតផង៕