(ហ៊ូស្តុន)៖ ក្រុមការងារូបវិទូផ្នែកតារាសាស្រ្តមកពីសាកលវិទ្យាល័យ Oklahoma បានរកឃើញភពអេលៀនមួយក្រុម ស្ថិតនៅក្រៅកាឡាក់ស៊ី Milky Way របស់យើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមរយៈការប្រើប្រាស់វិធីសាស្រ្ត Micolensing ជាបាតុភូតតារាសាស្រ្តមួយ និងជាមធ្យោបាយមួយ ដែលគេដឹងតែមួយគត់ ដែលផ្តល់លទ្ធភាពសម្រាប់ការស្វែងរកភពនានា ដែលស្ថិតនៅចម្ងាយយ៉ាងសែនឆ្ងាយពីផែនដី ក្រុមអ្នកស្រាវជ្រាវខាងលើ បានរកឃើញភពអេលៀន នៅក្នុងកាឡាក់ស៊ីដ៏ធំៗមហិមា នៅភពទាំងនោះមានទាំងទំហំប៉ុនព្រះច័ន្ទរបស់យើង រហូតដល់ភពព្រហស្បតិ៍ (Jupiter)។
ដោយឡែក សាកលវិទ្យាល័យខាងលើ បានអះអាងថា ពីមុនមកពុំធ្លាប់មានភស្តុតាងបង្ហាញពីវត្តមានភព នៅក្នុងកាឡាក់ស៊ីដទៃទៀតនោះឡើយក្រៅពី Milky Way ដោយការសិក្សារបស់ខ្លួន គឺជាលើកដំបូងបំផុត ដែលបានរកឃើញភស្តុតាងបែបនេះ។
គួរបញ្ជាក់ថា តាំងពីដើមឡើយ អ្នកវិទ្យាសាស្ត្រ និងក្រុមតារាវិទូ ត្រឹមតែអាចរកឃើញភពដែលស្ថិតនៅក្នុងកាឡាក់ស៊ីយើងនេះប៉ុណ្ណោះ ដោយពួកវាអាចមានចម្ងាយចាប់ពីរាប់រយ ទៅរាប់ពាន់ឆ្នាំពន្លឺពីភពផែនដី។ ប៉ុន្តែលើកនេះ គឺជាភពស្ថិតនៅក្រៅកាឡាក់ស៊ី ដែលមានចម្ងាយចាប់ពីរាប់ម៉ឺនឆ្នាំពន្លឺពីផែនដីយើងឡើងទៅឯណោះ។
សម្រាប់ក្រុមភពខាងលើនេះ គឺមិនទាន់មានការបញ្ជាក់អ្វីបន្ថែម ឬក៏រៀបរាប់ពីលក្ខណៈ នៃផ្កាយ ដែលពួកវាកំពុងគោចរជុំវិញនោះឡើយ។ ដោយឡែកវិធីសាស្ត្រកន្លងមក ដែលគេអាចរកភពឃើញនោះ គឺតេឡេស្កូបយក្សពីលើផែនដី និង កែវយឺតអវកាសនានា ដែលត្រូវបានបាញ់បង្ហោះទីកាន់ទីអវកាស៕