(វ៉ាស៊ីនតោន)៖ រដ្ឋបាល លោក ដូណាល់ ត្រាំ បានដាក់ចេញនូវគោលនយោបាយ ស្តីពីអាវុធនុយក្លេអ៊ែរ NPR ដែលមានរៀបចំគម្រោងដើម្បីធ្វើទំនើបកម្ម ទៅលើអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក តាមរយៈការបំពាក់អាវុធប្រភេទនេះ ទៅលើយន្តហោះចម្បាំងជំនាន់ថ្មី F-35, ការដាក់ពង្រាយក្បាលគ្រាប់ឥទ្ធិពលទាប នៅឯដែនសមុទ្រ, ការអភិវឌ្ឍសព្វាវុធយុទ្ធសាស្រ្ត ដែលបាញ់ចេញពីទីតាំងសម្ងាត់លើផ្ទៃដី, និងផែនការជាច្រើនផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ជុំវិញការបញ្ចេញគោលនយោបាយថ្មី ទាក់ទងនឹងនុយក្លេអ៊ែរសម្រាប់ឆ្នាំ២០១៨នេះ របស់សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក អាណាតូលី អាន់តូណូវ (Anatoly Antonov) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្របពេលជាមួយគ្នា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ការគំរាមកំហែងពីប្រទេសរុស្ស៊ី ដែលគ្មានទាំងភស្តុតាងជាក់ស្តែងផងនោះ ដើម្បីធ្វើជាហេតុផល សម្រាប់ការចំណាយកាន់តែខ្លាំងឡើងក្នុងវិស័យយោធា និងការបង្កើនឥទ្ធិពលនុយក្លេអ៊ែររបស់ខ្លួន។
គួរជម្រាបថា នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមមន្រ្តីជាន់ខ្ពស់ នៃក្រសួងការពារជាតិអាមេរិក ព្រមទាំងក្រសួងការបរទេសអាមេរិក បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពី NPR ថ្មី ជាឯកសារប្រមាណ ១០០ទំព័រ ដែលជាលទ្ធផលនៃការចេញសារាចរកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានស្នើឲ្យរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាតទីស (James Mattis) ធ្វើការត្រួតពិនិត្យឡើង ដើម្បីធានាឲ្យបាននូវសមត្ថភាពនុយក្លេអ៊ែរ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការការពារប្រទេសជាតិ ក៏ដូចជាសម្ព័ន្ធមិត្តនានា ហើយអ្វីដែលសំខាន់បំផុតនោះ គឺទប់ទល់នឹងគូសត្រូវទាំងឡាយ ដែលចង់សំដៅទៅលើ រុស្ស៊ី ចិន និងកូរ៉េខាងជើង ជាធំ៕