(ប៉ារីស)៖ គ្រូពេទ្យវះកាត់ខាងកែសម្ជស្សអន្តរជាតិមួយចំនួន បានបង្ហាញចេញនូវការព្រួយបារម្ភ ក៏ដូចជាព្រមាន ចំពោះការប្រើវិធីសាស្ត្រ ក្នុងការធ្វើឲ្យលិង្គបុរសមានសភាពស រលោងស្អាត ដែលកំពុងតែពេញនិយមនៅក្នុងប្រទេសថៃ ហើយវិធីសាស្ត្រមួយចំនួន ដែលគ្លីនិកកែសម្ផស្សឯកជនភាគច្រើននៅក្នុងប្រទេសនេះ យកមកប្រើប្រាស់ចំពោះអ្នកជំងឺ ឬអតិថិជន របស់ខ្លួននោះ ពិតជាបង្កគ្រោះថ្នាក់ និងបណ្តាលឲ្យកើតជាជំងឺជាច្រើន ដែលមិននឹកស្មានដល់។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
អ្នកជំនាញនៅប្រទេសបារាំង បានធ្វើការព្រមានថា «ការប្រើប្រាស់កម្មរស្មីឡាស៊ែរ អាស៊ីដ សារធាតុគីមី ឬក៏វិធីសាស្ត្រឆ្កួតៗចុងក្រោយបំផុត ដូចជាការតុបតែងចំណុចណាមួយនៅលើប្រដាប់ភេទបុរសនោះ គឺជាទង្វើគ្រោះថ្នាក់មួយ ដែលនឹងបង្កទៅជាការរលាក ស្នាមកន្តួល ជាំខ្មៅ និងហានិភ័យអាក្រក់ៗ នាំឲ្យប្រដាប់ភេទរបស់ពួកគេ ខូចខាត ឬយ៉ាប់លើសដើមទៅទៀត។
អ្នកឯកទេសឈ្មោះ Massimiliano Brambilla មកពីមន្ទីរពេទ្យវះកាត់ Milanese បានប្រាប់បណ្តាញព័ត៌មាន AFP ថា «ខ្ញុំគិតថា វាមិនគួរត្រូវបានធ្វើចំពោះអ្នកជំងឺ ដែលមិនតម្រូវឲ្យធ្វើបែបនេះនោះឡើយ។ វិធីសាស្ត្រភាគច្រើន គឺចង់ធ្វើឲ្យលិង្គស ហើយវាពិតជាអាក្រក់ណាស់។ ការធ្វើឲ្យសគឺជាបញ្ហាមួយ ដែលគួរតែមានការប្រយ័ត្នប្រយែងបំផុត»។
គួរបញ្ជាក់ថា តាមទិន្នន័យដែលផ្តល់ដោយគ្លីនិកមួយចំនួន យ៉ាងហោចណាស់បុរសៗថៃចំនួន ១០០នាក់ នៅក្នុងរយៈពេល ៦ខែ បានមកទទួលសេវាកម្មសម្អាត និងធ្វើឲ្យលិង្គស ហើយគ្លីនិកទាំងនោះអាចទទួលបានប្រាក់ ៦៥០ដុល្លារ សម្រាប់អតិថិជនដែលទទួលយកសេវាកម្មជាកញ្ចប់ ដែលមាន ០៥តំណាក់កាល ក្នុងនោះមានទាំងការបាញ់ឡាស៊ែរផងដែរ។ អ្នកជំនាញបានព្រមានថា កុំថាឡើយការបាញ់ឡាស៊ែរ សូម្បីតែការប្រើវិធីសាស្ត្រសម្អាតលិង្គដោយមិនត្រឹមត្រូវ នោះក៏នឹងបង្កជាប្រតិកម្មអាក្រក់ៗ ទៅថ្ងៃមុខផងដែរ៕