(ប៉េកាំង)៖ ប្រទេសចិនបានបង្ហាញអំពីឆន្ទៈរបស់ខ្លួន នៅក្នុងការរឹតចំណងមិត្តភាពជាមួយនឹងប្រទេសអ៊ុយរ៉ាហ្កាយ ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង (ឬអាមេរិកឡាទីន) នៅក្នុងមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍ ដើម្បីទទួលបានផលប្រយោជន៍នានា ស្របទៅតាមការប្តេជ្ញារួមគ្នា នៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ការបង្ហាញឆន្ទៈនេះ គឺមានចែងនៅក្នុងលិខិតមួយ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផ្ញើជូនទៅដល់សមភាគី អ៊ុយរ៉ាហ្កាយ លោក តាបារ៉េ វ៉ាស់ខ្វេស (Tabare Vazquez) ដើម្បីជាកិច្ចប្រារព្ធខួបទី ៣០ឆ្នាំ នៃការបង្កើតចំណងការទូតផ្លូវការរវាងមហាយក្សលេខ ១ នៅអាស៊ី និងប្រទេសអាមេរិកឡាទីនមួយនេះ។ ចិនក៏បានសង្កត់ធ្ងន់ផងដែរថា ខ្លួនកំពុងតែធ្វើការជម្រុញដ៏សំខាន់បំផុតមួយ ដើម្បីអភិវឌ្ឍន៍ចំណងទាក់ទង នៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា កិច្ចអត្ថាធិប្បាយរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីចិនបានកើតឡើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដែលកំពុងតែបំពេញទស្សនកិច្ចនៅតំបន់អាមេរិកឡាទីនផងដែរនោះ បាននិយាយបែបណែនាំទៅកាន់បណ្តាប្រទេសក្នុងតំបន់នេះ កុំឲ្យពឹងផ្អែកជ្រុលពេក ទៅលើចំណងសេដ្ឋកិច្ចជាមួយប្រទេសចិន ហើយដែលប្រការនេះ ត្រូវបានចិនប្រតិកម្មតបវិញដែរថា អាមេរិកកំពុងតែមើលងាយតំបន់អាមេរិកឡាទីនហើយ៕