(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានចោទអាមេរិកថា កំពុងព្យាយាមប្រែក្លាយព្រឹត្តិការណ៍កីឡារដូវរងារ ព្យឿងចាង (PyeongChang) នៅកូរ៉េខាងត្បូង ទៅជាវេទិកាប្រឈមមុខដាក់គ្នា ជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមបទវិចារណកថា កាលពីនាយប់ថ្ងៃសុក្រ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងត្បូង KCNA អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានអះអាងថា រូបលោកនឹងធ្វើដំណើរទៅចូលរួមកីឡាអូឡាំពិករដូវរងារ ដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង។ KCNA ដោយយោងទៅលើប្រភពព័ត៌មាន ពីមន្រ្តីសេតវិមានបានរាយការណ៍ថា «លោក Pence នឹងធ្វើសន្និសីទសារព័ត៌មានជាបន្តបន្ទាប់ នៅមុននិងអំឡុងព្រឹត្តិការណ៍អូឡាំពិក ហើយលោកបានប្តេជ្ញានឹងធ្វើយ៉ាងណា ធានាមិនឲ្យព្រឹត្តិការណ៍អន្តរជាតិនេះ ប្រែក្លាយជាឆាកឃោសនា សម្រាប់កូរ៉េខាងជើងឡើយ»។
គួរជម្រាបថា ការប្រកួតកីឡាអូឡាំពិករដូវរងារសម្រាប់ឆ្នាំនេះ ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ទី២៥ ខែកុម្ភៈ នៅឯទីក្រុង PyeongChang នៃប្រទេសខាងត្បូងហើយ លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងបញ្ជូនគណៈប្រតិភូអាមេរិក ដែលដឹកនាំដោយ លោក Mike Pence មកចូលរួមពិធីបើក និងប្រកួតកីឡានេះ ខណៈកូរ៉េខាងជើង ដោយបានព្រមព្រៀងជាមួយកូរ៉េខាងត្បូង ព្រមទាំងគណៈកម្មាធិការអូឡាំពិក ក៏នឹងបញ្ជូលប្រតិភូក៏ដូចជាក្រុមអត្តពលិក ឲ្យមកចូលរួមផងដែរ៕