(ហ្សឺណែវ)៖ កងទ័ពអាកាសស្វីស បានរកមានឃើញបញ្ហាលើតួខ្លួននៃយន្តហោះចម្បាំង ០៣គ្រឿងថែមទៀត ក្នុងចំណោមយន្តហោះយន្តចម្បាំងធុន F-18 Hornet ទាំង ៣០គ្រឿងរបស់ខ្លួន ដែលប្រការនេះបានបង្ខំឲ្យពួកវា ត្រូវបានគេផ្អាកមិនឲ្យធ្វើប្រតិបត្តិការ ជាបណ្តោះអាសន្នសិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិស្វីស ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស្វីស ស្នាមប្រេះមួយត្រូវបានគេប្រទះឃើញជាលើកដំបូង នៅក្នុងបន្ទះស្លាបរបស់យន្តហោះចម្បាំង F-18 មួយគ្រឿង ក្នុងអំឡុងនៃការត្រួតពិនិត្យ កាលពីចុងខែមករាកន្លងទៅ ហើយក្រោយមកយន្តហោះ F-18 ដទៃទៀត ក៏ត្រូវដាក់ឲ្យស្ថិតក្រោមការធ្វើតេស្ត ដើម្បីពីសមត្ថភាព និងសុវត្ថិភាពរបស់ពួកវា។ បន្ទាប់មកបញ្ហាដូចគ្នា ក៏ត្រូវបានរកឃើញនៅលើបន្ទះស្លាបរបស់យន្តហោះ F-18 បីគ្រឿងថែមទៀត ហើយឥឡូវនេះពួកវាទាំងអស់ ត្រូវបានផ្អាកការហោះហើរ និងត្រូវបញ្ជូនឲ្យឆ្លងការត្រួតពិនិត្យបន្តទៀត។
គួរជម្រាបថា បើតាមរដ្ឋាភិបាលស្វីស វាមិនទាន់អាចនិយាយបាននៅឡើយទេថា ផ្នែកដែលខូចទាំងអស់ នឹងត្រូវផ្លាស់ប្តូរដែរ ឬអត់និងអំពីថ្លៃចំណាយជួលជុល ឬក៏នៅពេលណាដែលយន្តហោះចម្បាំងទាំងអស់ នឹងអាចហោះហើរជាថ្មីម្តងទៀតនោះ។ ស្នាមប្រេះទាំងនោះ មិនអាចត្រូវមើលឃើញដោយភ្នែកទទេនោះឡើយ ប៉ុន្តែត្រូវបានរកឃើញតាមរយៈការប្រើប្រាស់ឧបករណ៍ពិសេសមួយ៕