(ប៉េកាំង)៖ ចិនបានអះអាងសហរដ្ឋអាមេរិកថា បានប្រមាថទៅលើបណ្តាប្រទេសនៅអាមេរិកឡាទីន ក្រោយពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បានព្រមានប្រទេសនានានៅក្នុងតំបន់នោះ អំពីការពឹងផ្អែកលើសលប់ខ្លាំងពេក ទៅលើចំណងសេដ្ឋកិច្ចជាមួយប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងក្នុងសុន្ទរកថាមួយ នៅមុនដំណើរបំពេញទស្សនកិច្ចទៅកាន់ ម៉ិចស៊ីកូ អាហ្សង់ទីន ប៉េរូ កូឡុំប៊ី និងចាម៉ៃកា បានលើកឡើងថា ចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាមេរិកខាងត្បូង តាមរយៈការជះលុយទាំងដុលៗ ដើម្បីទាក់ទាញយកតំបន់នេះឲ្យទៅពឹងផ្អែក និងរណបទីក្រុងប៉េកាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ដែលចេញផ្សាយឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់ លោក ធីល្លឺសុន ក្រសួងការបរទេសចិនបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងចិន និងតំបន់អាមេរិកឡាទីន គឺជាឈរលើផលប្រយោជន៍ និងតម្រូវការរួម ហើយអ្វីដែលសហរដ្ឋអាមេរិកបានលើកឡើង គឺប្រឆាំងទាំងស្រុងទៅនឹងការពិត ព្រមទាំងបានបង្ហាញពីការប្រមាថ ចំពោះបណ្តាប្រទេសភាគច្រើន នៅអាមេរិកខាងត្បូង។
គួរជម្រាប នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) កាលពីខែមុន ទៅកាន់ឈីលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយជាមួយបណ្តាប្រទេសមកពីអាមេរិកឡាទីន និងតំបន់ការីបៀន ដែលអាចថា ជាអ្នកជិតខាងរបស់អាមេរិក លោក វ៉ាង បានអញ្ជើញប្រជាជាតិទាំងនោះបានចូលរួមក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយ ដែលមានឈ្មោះថា «ខ្សែក្រវាត់និងផ្លូវ» របស់ចិនថែមទៀតផង៕