(ពិភពលោក)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ព្រមានបញ្ចេញភ្លើងកំហឹង ចំពោះប្រទេសដ៏ចចេសរឹងរួសកូរ៉េខាងជើងនោះ រដ្ឋកុម្មុយនីសមួយនេះមិនត្រឹមតែ មិនខ្លាចញញើតប៉ុណ្ណោះទេ ថែមទាំងបង្ហាញអំណួតថាខ្លួនទទួលបានជោគជ័យក្នុងការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែន ដែលជាការសាកល្បងនុយក្លេអ៊ែរលើកទី៦ និងមានថាមពលខ្លាំងក្លាបំផុតមិនធ្លាប់មាន រហូតបង្កកម្លាំងរញ្ជួយ៦,៣ រ៉ិចទ័រ ក្បែរខេត្តភាគឦសានប្រទេស ចិន ថែមទៀតផង។
មិនថាសម្ដីព្រមានពីប្រទេសមហាអំណាច ឬការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់សហគមន៍អន្តរជាតិ បែបណាក្តី ក៏ហាក់មិនអាចកំញើញប្រទេស កូរ៉េខាងជើង ឱ្យបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនបានឡើយ ហេតុនេះតើពិភពលោកអាចរារាំងរដ្ឋាភិបាលក្រុង ព្យុងយ៉ាង មិនឱ្យក្លាយជាមហាអំណាចនុយក្លេអ៊ែរបានទេ?
នៅពេលសួរថា ហេតុអ្វីបានជាកន្លងមកសហគមន៍អន្តរជាតិ មិនអាចទប់ស្កាត់ការរីកសាយភាយនុយក្លេអ៊ែរកូរ៉េខាងជើងបាននោះ យើងត្រូវពិនិត្យមើលពីឬសគល់នៃដំណោះស្រាយ វិបត្តិនេះជាមុនសិន ដែលក្នុងនោះដំណោះស្រាយជាអាទិភាពមានដូចជា កិច្ចពិភាក្សាដោយសន្តិវិធី ការដាក់ទណ្ឌកម្ម និងការប្រើប្រាស់កម្លាំងយោធាជាដើម។
* កិច្ចចរចា៖
បទពិសោធន៍បានបង្រៀនយើងរួចមកហើយថា កន្លងមេដឹកនាំរដ្ឋាភិបាល ក្រុងព្យុងយ៉ាង ជាមនុស្សផ្លាស់ប្តូរងាយៗ ពិបាកផ្តល់ទំនុកចិត្តជាខ្លាំង។ ឧទាហរណ៍ល្អបំផុតដែលអាច ពន្យល់ពីឥរិយាបថផ្លាស់ប្តូរគ្មានទំនួលខុសត្រូវរបស់មេដឹកនាំរូបនេះ គឺការបើកចំហរពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាងចំពោះកូរ៉េខាងត្បូងក្នុងឱកាសឆ្លងឆ្នាំសកល។ ការបន្ទន់ឥរិយាបថ មិនយូរប៉ុន្មានផង ស្រាប់តែភាគីខាងជើង បែរជាបដិសេធមិនព្រមចូលរួមការសម្តែងក្នុងកម្មវិធីវប្បធម៌ ក្រោមហេតុផលមិនសមស្របមួយចំនួន។ ការពិតទៅកូរ៉េខាងជើង គ្រាន់តែចង់ប្រើប្រាស់ការចរចា ជាលេសដើម្បីសម្រាលការដាក់សម្ពាធពីអន្តរជាតិមួយរយៈ និងឆ្លៀតកេងចំណេញពេលវេលា ដើម្បីអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប៉ុណ្ណោះ។
* ការដាក់ទណ្ឌកម្ម៖
ការដាក់ទណ្ឌកម្មតាមរយៈការបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសនានាជាមួយកូរ៉េខាងជើង ពិតជាមិនអាចទាក់ទាញការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញទំហឹង ពីមហាអំណាចមួយចំនួនបានឡើយ មានជាអាថ៌ដូចជា ប្រទេសរុស្ស៊ី និងប្រទេសចិនជាដើម ដែលជាសម្ព័ន្ធមិត្ត និងជាម្ចាស់ជំនួយសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងជើង។ ថ្វីបើប្រទេស ចិន និងរុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចុងក្រោយរបស់កូរ៉េខាងជើង ព្រមទាំងចូលរួមដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េក្តី ប៉ុន្តែរដ្ឋធំៗទាំងពីរ មិនបានផ្លាស់ប្តូរជំហរមូលដ្ឋានរបស់ខ្លួនឡើយ។ ជាក់ស្តែងទំនាក់ទំនងការទូត និងកិច្ចចរចានានាជាមួយរដ្ឋកុម្មុយនីសមួយនេះនៅតែបន្តដំណើរការជាធម្មតា។
រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ចង់រឹតបន្តឹងការដាក់ទណ្ឌកម្ម កាន់តែធ្ងន់ធ្ងរទៅលើប្រទេស កូរ៉េខាងជើង ប៉ុន្តែក្នុងទំព័រប្រវត្តិសាស្រ្តអាចបញ្ជាក់បានថា ការដាក់ទណ្ឌកម្ម គ្មានប្រសិទ្ធភាព ក្នុងការរារាំងរដ្ឋាភិបាល ក្រុងព្យុងយ៉ាង មិនឱ្យផលិតនុយក្លេអ៊ែរបានឡើយ។ លោកត្រាំ ធ្លាប់បានបន្ទោសទៅលើប្រទេសចិន ដែលមិនបានព្យាយាមឱ្យអស់ពីសមត្ថភាព ចូលរួមដាក់ទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើង។ វាមិនមែនជារឿងចម្លែកនោះទេ នេះក៏ដោយសារតែ ប្រទេសចិនមានក្តីព្រួយបារម្ភខ្លាចរបបកុម្មុយនីសរបស់កូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តកុម្មុយនីសដ៏សំខាន់របស់ខ្លួនត្រូវដួលរលំ។
ប្រសិនបើកូរ៉េខាងជើង ដួលរលំមែននោះ មិនត្រឹមតែភាពផុយស្រួយដល់របបកុម្មុយនីសរបស់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងបង្កជាវិបត្តិជនភៀសខ្លួនហូរចូលទៅកាន់ប្រទេស ចិន ដើម្បីគេចពីសង្គ្រាមផងដែរ។ ម្យ៉ាងវិញទៀតប្រសិនបើប្រទេសកូរ៉េទាំងពីរត្រូវបានបង្រួបបង្រួមគ្នានោះ យោធាអាម៉េរិក ដែលធ្លាប់តែដាក់ពង្រាយត្រឹមដែនដីកូរ៉េខាងត្បូង ច្បាស់ជាឆ្លៀតឱកាសនេះដើម្បីដាក់ពង្រាយទ័ពនៅតាមបន្ទាត់ព្រំដែនកូរ៉េជាប់ចិនវិញម្តង ដែលនេះជាការបង្កក្តីបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះចិន។
កាលពីពេលថ្មីៗកន្លងទៅនេះ លោកដូណាល់ត្រាំ បានបង្ហាញវោហាសាស្ត្រក្អេងក្អាងដោយគ្មានមូលដ្ឋានច្បាស់លាស់ថា សហរដ្ឋអាមេរិកនឹងបញ្ឈប់សកម្មភាពពាណិជ្ជកម្ម ជាមួយប្រទេសទាំងឡាយណា ដែលធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ប៉ុន្តែសហរដ្ឋអាមេរិក ប្រហែលជាភ្លេចហើយថា រដ្ឋាភិបាល ក្រុង ប៉េកាំងជាដៃគូពាណិជ្ជកម្មដ៏សំខាន់នៃរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ស្របពេលដែល ចិន ក៏ជាដៃគូពាណិជ្ជកម្ម និងក៏ជាម្ចាស់បំណុលដ៏ធំរបស់ខ្លួនផងដែរ។ ហេតុនេះ សាកស្រមៃថា តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើសហរដ្ឋអាមេរិកហ៊ានបញ្ឈប់ទំនាក់ទំនងពាណិជ្ចកម្មជាមួយម្ចាស់បំណុលរបស់ខ្លួន? តើអាមេរិកអាចបន្តរស់ដោយគ្មានទំនាក់ទំនងជាមួយចិន បានដែរឬទេ? តើវានឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដូចម្តេចខ្លះប្រសិនបើអាមេរិកពិតជាប្រកាន់គោលជំហរបែបនេះនោះ? និយាយឱ្យស្រួលស្ដាប់ ការប្រើប្រាស់ ពាណិជ្ជកម្មបង្ខំឱ្យចិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ កូរ៉េខាងជើង ជារឿងមិនងាយនោះទេ។
* ការប្រើប្រាស់កម្លាំងយោធា៖
បើទោះបីជាមានគាំទ្រយ៉ាងជោគជាំពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់យោធា ស្របពេលដែលមានសេចក្តីរាយការណ៍ជាច្រើនបញ្ជាក់ថា យោធាអាមេរិកគ្រោងនឹងវាយប្រហារមូលដ្ឋាននុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងក្តី ប៉ុន្តែរហូតមកទល់ពេលនេះ នៅតែគ្មានការធានាអះអាងយ៉ាងពិតប្រាកដថា កងទ័ពសហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារកូរ៉េខាងជើងនោះឡើយ សេចក្តីសម្រេចចិត្តនេះហាក់នៅមានភាពស្រពិចស្រពិលបន្តិច។
ម្យ៉ាងទៀតជម្រើសក្នុងការប្រើប្រាស់កម្លាំងយោធា ច្បាស់ជាបង្កឱ្យមានការវាយប្រហារដោយកាំភ្លើងធំពីសំណាក់កូរ៉េខាងជើង ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងប្រទេសកូរ៉េខាងត្បូង។ លោក Stephen Bannon អតីតប្រធានអ្នកយុទ្ធសាស្រ្តរបស់លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍ថា ថ្មីៗនេះសហរដ្ឋអាមេរិក មិនមានជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។ លើសពីនេះទៅទៀតនោះ ប្រទេស ចិននឹងមិនឈរមើលសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងយោធាវាយប្រហារកូរ៉េខាងជើងដោយងាយៗនោះឡើយ។
ក្នុងនាមជាប្រទេសកុម្មុយនីសមួយដ៏ឯកា ផ្ដាច់ខ្លួនចេញពីអន្តរជាតិ ហេតុនេះគោលបំណងដ៏សំខាន់តែមួយគត់របស់លោក គីម គឺអភិរក្សវង្សត្រកូល និងរបបកុម្មុយនីសរបស់ខ្លួន។ ដើម្បីសម្រេចគោលដៅខាងលើ មានតែការផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះដែលជាជម្រើសដ៏ត្រឹមត្រូវដោយមិនអាចខ្វះបាន។ និយាយពីចំណុចនេះ លោក គីម ទំនងជាយកគំរូតាមអតីតមេដឹកនាំចិន ក្រោមការដឹកនាំ របស់លោក ម៉ៅសេទុង។ នៅក្នុងទស្សវត្សរ៍ ឆ្នាំ ១៩៦០ លោកម៉ៅ ត្រូវបានប្តេជ្ញា អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយបារម្ភខ្លាច ការឈ្លានពានពីសំណាក់ សហរដ្ឋអាមេរិក ឬសហភាពសូវៀត។ លោកជឿជាក់ថា អាវុធនុយក្លេអ៊ែរអាចធានាបានថា ប្រទេស ចិន នឹងមិនរងការគំរាមកំហែងពីសត្រូវរបស់ខ្លួនឡើយ។ ចំណុចទាំងនេះ ជំរុញឱ្យមហិច្ឆតា កូរ៉េខាងជើង ក្នុងការក្លាយជាមហាអំណាចនុយក្លេអ៊ែរកាន់តែខ្លាំងក្លា។
ដោយសារភាពខ្វះខាតក្នុងការចំណុចរួមរវាងមហាអំណាច ដើម្បីដោះស្រាយបញ្ហា កូរ៉េខាងជើង ដែលជាចំណុចខ្សោយដ៏ធំមួយធ្វើឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងកាន់តែបានចិត្ត ស្របពេលដែលការផលិតនុយក្លេអ៊ែរនេះ ជាមហិច្ឆតាដ៏ធំរបស់កូរ៉េខាងជើងផងនោះ ជំរុញឱ្យកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសមួយនេះ បន្តឈានទៅមុខ ឬអាចឈានទៅ ឈោងចាប់ឋានៈជាមហាអំណាចនុយក្លេអ៊ែរ ក្នុងពេលណាមួយក៏អាចថាបាន។ ហេតុនេះ សេណារីយ៉ូដ៏អាក្រក់បំផុត អាចនឹងក្លាយជាការពិតក្នុងពេលខាងមុខ ប្រសិនបើមហាអំណាចធំៗនៅតែបន្តគិតពីប្រយោជន៍ខ្លួនច្រើនជាងប្រយោជន៍រួម ហើយសហគមន៍អន្តរជាតិត្រូវតែបង្ខំចិត្តទទួលស្គាល់រឿងនេះ ទោះក្នុងរូបភាពបែបណាក្តី៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា