(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កំអែលភ្នំភ្លើងនៃភ្នំភ្លើង Mayon បានហូរចុះរីករាយដាលរហូតដល់ចំងាយ ៣.៦គីឡូម៉ែត្រ ចាប់តាំងពីវាបានផ្ទុះ កាលជាងពីរសប្ដាហ៍មុនមក នៅក្នុងប្រទេសហ្វីលីពីន៕
២៖ ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា បណ្តាលឲ្យធ្លាក់ឆេះខ្ទេចខ្ទី នៅក្បែរបឹងមួយ នៃតំបន់ Var ស្ថិតនៅជិតទីក្រុង សាំងត្រូប៉ែស (Saint-Tropez) ភាគអាគ្នេយ៍ប្រទេសបារាំង នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងប៉ារីស) និងបានបង្កឲ្យមនុស្សជិះទាំងអស់ ០៥នាក់ នៅលើឧទ្ធម្ភាគចក្រទាំងនោះ បាត់បង់ជីវិត៕
៣៖ ក្រុមអ្នកជួយសង្រ្គោះអាហ្វ្រិកខាងត្បូងបានឱ្យដឹងថា កម្មករទាំងអស់ ៩៥៥នាក់ ដែលជាប់គាំងនៅក្នុងអណ្ដូងរ៉ែមាសមួយកន្លែង ត្រូវបានគេទាញចេញដោយសុវត្ថិភាព មកលើផ្ទៃដីវិញហើយនៅថ្ងៃសុក្រនេះ៕
៤៖ ផ្កាយរណបផ្នែកសិក្សាស្រាវជ្រាវដំបូងរបស់ចិន ឈ្មោះ Young Pioneer 1 ត្រូវបានបាញ់បង្ហោះហើយ តាមរយៈគ្រាប់រ៉ុក្កែត Long March-2D ចេញពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan នៅរសៀលថ្ងៃសុក្រនេះ៕
៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីលឺ្លសុន បានធ្វើការសន្និដ្ឋានមួយដ៏គួរឱ្យភ្ញាក់ផ្អើលថាយោធាវេណេស៊ុយអេឡាអាចនឹងធ្វើរដ្ឋប្រហារទម្លាក់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច៕
៦៖ ប្រព័ន្ធផ្សព្វផ្សាយគុយបាបានឱ្យដឹងថា កូនប្រុសច្បងរបស់អតីតមេដឹកនាំគុយបា លោក ហ្វីឌែល កាស្ត្រូ (Fidel Castro) គឺ លោក ហ្វីឌែល អាន់ជែល កាស្ត្រូ ឌីយ៉ាស់ បាឡាត (Fidel Angel Castro Diaz-Balart) បានសម្រេចចិត្តធ្វើអត្ដឃាត កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅគុយបា) បន្ទាប់ពីជំងឺសម្ពាធផ្លូវចិត្តអស់រយៈពេលជាច្រើនខែមកនេះ៕
៧៖ រថយន្តមួយគ្រឿង បានបោះពួយទៅបុកអ្នកថ្មើរជើង នៅឯទីប្រជុំជន ក្នុងទីក្រុងសៀងហៃ នាព្រឹកថ្ងៃសុក្រនេះ ដោយបានបណ្តាលឲ្យមនុស្ស ១៨នាក់ ទទួលរងរបួស ខណៈ០៣នាក់ក្នុងចំណោមនោះ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង៕