(ប៉ារីស)៖ ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា បណ្តាលឲ្យធ្លាក់ឆេះខ្ទេចខ្ទី នៅក្បែរបឹងមួយ នៃតំបន់ Var ស្ថិតនៅជិតទីក្រុង សាំងត្រូប៉ែស (Saint-Tropez) ភាគអាគ្នេយ៍ប្រទេសបារាំង នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងប៉ារីស) និងបានបង្កឲ្យមនុស្សជិះទាំងអស់ ០៥នាក់ នៅលើឧទ្ធម្ភាគចក្រទាំងនោះ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ស៊ីនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ត្រីប៉ូលិសក្នុងតំបន់ បានអះអាងថា «ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា។ មួយគ្រឿងមានផ្ទុកមនុស្ស ០៣នាក់ និងមួយគ្រឿងទៀតផ្ទុក ០២នាក់។ ពួកគេទាំងអស់បាត់បង់ជីវិត ប៉ុន្តែនៅមានសាកសពមួយ ដែលមិនទាន់អាចទាញចេញពីបំណែកឧទ្ធម្ភាគចក្រទាំងនោះបាន»។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រពីរគ្រឿងបានដឹកនាំយោធា ធ្វើការហ្វឹកហ្វឺនជំនាញ ដែលគ្រប់គ្រងដោយសាលាយោធាមួយកន្លែង ប៉ុន្តែដោយសារការហោះខុសបច្ចេកទេស ទើបបណ្តាលឲ្យបុកគ្នា ធ្លាក់នៅតំបន់ក្បែរបឹងមួយនៅទីក្រុងខាងលើនេះតែម្តង៕