(ប៉េកាំង)៖ ផ្កាយរណបផ្នែកសិក្សាស្រាវជ្រាវដំបូងរបស់ចិន ឈ្មោះ Young Pioneer 1 ត្រូវបានបាញ់បង្ហោះហើយ តាមរយៈគ្រាប់រ៉ុក្កែត Long March-2D ចេញពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan នៅរសៀលថ្ងៃសុក្រនេះ។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាប្រភេទផ្កាយរណបខ្នាតតូច មានទម្ងន់ ០៣គីឡូក្រាម Young Pioneer 1 បានចូលទៅក្នុងគន្លងតារាវិថី នៅរយៈកម្ពស់ ៥០២គីឡូម៉ែត្រ ពីលើពិភពផែនដី។ គ្រាប់រ៉ុក្កែត Long March-2D ក៏បាននាំយកទៅជាមួយផងដែរ Zhangheng 1 ដែលជាផ្កាយរណបខ្នាតតូច សម្រាប់ការសិក្សាពីទិន្នន័យគ្រោះរញ្ជួយដី រួមទាំងផ្កាយរណបខ្នាតចំនួន ០៥គ្រឿង ផ្សេងទៀត។
លើសពីនេះទៅទៀត CEO ក្រុមហ៊ុន Commsat លោក Xie Tao ក៏បានបញ្ជាក់ដែរថា ផ្កាយរណបទាំងនេះនឹងដំណើរការណ៍ររក្សាទុក បណ្ដាញអិនធឺណែតឥតខ្សែ ក៏ដូចជាបញ្ជូនរលកវិទ្យុតាមប្រេកង់កាំរស្មី UV, រូបភាពលំហរអាកាស និងផ្ទៀងផ្ទាត់អ្នក ប្រើប្រាស់ (user links) ទៅកាន់ប្រព័ន្ធអ៊ីនធឺណែត។
គួរបញ្ជាក់ថា ផ្កាយរណប Young Pioneer 1 ត្រូវបានផលិត និងធ្វើតេស្ដសាកល្បងដោយក្រុមហ៊ុន Commsat ដែលជាក្រុមហ៊ុនឯកជនមួយជំនាញខាងផ្កាយរណប និងមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង។ ក្រុមហ៊ុននេះបានទទួលមូលនិធិ ពីវិទ្យាស្ថាន Xi'an Institute of Optics and Precision Mechanics ក្រោមគ្រប់គ្រងរបស់រាជបណ្ឌិតសភាវិទ្យាសាស្ត្រចិន៕