(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីលឺ្លសុន បានធ្វើការសន្និដ្ឋានមួយដ៏គួរឱ្យភ្ញាក់ផ្អើលថា យោធា វេណេស៊ុយអេឡាអាចនឹងធ្វើរដ្ឋប្រហារទម្លាក់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់ លោក ធីល្លឺសុន កើតមានឡើងនៅចំពេលវេណេស៊ុយអេឡា កំពុងជាប់គាំងផ្នែកនយោបាយ ខណៈ រដ្ឋាភិបាលទីក្រុងការ៉ាកាស់ បានចង្អុលមុខទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA កំពុងជួយគំាទ្រ និងបណ្ដុះបណ្ដាល ក្រុមប្រឆាំងបង្កចលាចលនៅក្នុងប្រទេស។
ថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ នៅឯសាកលវិទ្យាល័យ Texas មុននឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់តំបន់អាមេរិកឡាទីន លោក ធីល្លឺសុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងប្រវត្តិសាស្ត្ររបស់វេណេស៊ុអេឡា និងបណ្ដាប្រទេសនៅអាមេរិកឡាទីន កងទ័ព ឬយោធាតែងតែចេញមុខធ្វើអន្តរាគមន៍ នៅពេលប្រទេសជាតិជួបវិបត្តិម្ដងៗ និងនៅពេលដែលមេដឹកនាំ មិនអាចបម្រើប្រជាជនបានតទៅទៀត។ តែរឿងបែបនេះអាចនឹង កើតឡើង ឬក៏មិនកើត? ខ្ញុំមិនអាចនិយាយទុកមុនឡើយ»។
យ៉ាងណាក៏ដោយ ជុំវិញការលើកឡើងនេះដែរ រដ្ឋមន្ត្រីការបរទេសវេណេសុយអេឡា លោក Jorge Arreaza បានរិះគន់យ៉ាងខ្លាំងលើ លោក ធីល្លឺសុន ព្រមទាំងអំពាវនាវឱ្យប្រទេសអាមេរិកឡាទីនទាំងអស់ រួមគ្នាប្រឆាំងនឹងសត្រូវរួម។ «ពួកចក្រពត្តិ គឺជាសត្រូវរួមរបស់យើង... ត្រាំ បានប្រឆាំងនឹងមិចស៊ីកូ ក្នុងវិធីសាស្ត្រដូចគ្នា ដែលគាត់ប្រើប្រាស់ប្រឆាំងនឹង វេណេស៊ុអេឡា និងជនអន្តោប្រវេសន៍អាមេរិកកណ្ដាល»។ នេះជាសម្ដីរបស់ លោក Jorge Arreaza ដែលត្រូវបានដកស្រង់ដោយ BBC៕