(ស៊ីរី)៖ ការផ្គត់ផ្គង់នៅក្នុង​មន្ទីរពេទ្យនៅឯ​ទីក្រុង Afrin នៃភាគខាងជើង​ប្រទេសស៊ីរី កាន់តែធ្លាក់ចុះជា​លំដាប់ ខណៈនៅ​លើគ្រែពេញ​ដោយអ្នករងរបួស​ ប្រឡាក់ឈាម​ពេញខ្លួន បន្ទាប់ពីពួកគេរត់​គេចចេញ​ពី ការវាយប្រហារ​របស់កងកម្លាំងតួកគី នៅក្នុង​ប្រតិបត្តិការ​បោសសំអាត ពួកសកម្មប្រយុទ្ធ​ឃើដ YPG។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។

វីដេអូ​នៅកន្លែងកើត​ហេតុ បានបង្ហាញពីឈាមប្រឡាក់ពេញ​ឥដ្ឋមន្ទីរពេទ្យ ត្រូវបានគេ​ជូតសំអាត រីឯសាច់ញាតិ​ជនរង គ្រោះជាច្រើននាក់​ បានទួញសោក​ត្រហូរយំគួរ​ឱ្យ​សង្វេគ។ ជាមួយគ្នា​នោះដែរ ថ្លែងនៅក្នុង​បទសម្ភាស​ន៍ជាមួយ Russian Today បុរសម្នាក់​ដែលប្រឡាក់ឈាម​ពេញមុខ​ បាននិយាយថា «យើងបាន​ចាកចេញពីតំបន់ Raju នៅពេល​យន្ដហោះ ចម្បាំងមួយគ្រឿង​ចាប់ផ្ដើមវាយប្រហារ​មកលើ​ពួកយើង ហើយមិនតែ​ប៉ុណ្ណោះវា​ ក៏បានវាយប្រហារ​ជាច្រើនលើក​មកលើ​ពួកយើងផងដែរ នៅពេលខ្ញុំ​កំពុងស្ថិត​នៅជាមួយបង​ប្អូន​ប្រុសខ្ញុំ និងគ្រួសារ​របស់គាត់ ... ដូច្នេះអ្វីដែល​ខ្ញុំចង់បាន​គឺសូមឱ្យ អន្តរជាតិ​ធ្វើអ្វីម្យ៉ាង​ ដើម្បីបញ្ឈប់ការវាយប្រហារភេរវកម្ម​របស់តួកគី ប្រឆាំងនឹងជន​ស៊ីវិល»

គួរបញ្ជាក់ថា តួកគី​បានបើកប្រតិបត្តិការ​យោធា កាលពី​ខែមករា វាយលុកលើ​ទីក្រុង Afrin នៅក្នុង​ប្រទេសស៊ីរី​សំដៅ បោសសំអាតពួកសកម្ម​ប្រយុទ្ធ​ឃើដ YPG គំាទ្រដោយ​សហរដ្ឋអាមេរិក។ ការវាយប្រហារប៉ុន្មានសប្ដាហ៍មកនេះ បានផ្ដាច់​យកអាយុជីវិត​ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ ហើយសង្រ្គាមនេះបានរីករាលដាលដល់ព្រំដែនអ៊ីរ៉ាក់ ជាក់ស្ដែង​​កាលពី​ថ្ងៃព្រហស្បតិ៍ ទីក្រុង​អង់ការ៉ា​​បានអះអាងថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ​ឃើដ ៤៥នាក់ នៅតំបន់​ជាច្រើន​នៅអ៊ីរ៉ាក់៕