(អាហ្រ្វិកខាងត្បូង)៖ ក្រុមអ្នកជួយសង្រ្គោះអាហ្វ្រិកខាងត្បូងបានឱ្យដឹងថា កម្មករទាំងអស់ ៩៥៥នាក់ ដែលជាប់គាំងនៅក្នុងអណ្ដូងរ៉ែមាសមួយកន្លែង ត្រូវបានគេទាញចេញដោយសុវត្ថិភាព មកលើផ្ទៃដីវិញហើយនៅថ្ងៃសុក្រនេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមក្រុមអ្នកជួយសង្រ្គោះ កម្មករទាំងនេះបានជាប់គាំងនៅក្នុងអណ្ដូងរ៉ែមាស ប៊ីទ្រិច (Beatrix) តាំងតែពីយប់ថ្ងៃពុធ មកម្ល៉េះ បន្ទាប់ពីដាច់ចរន្តអគ្គិសនី។ ចំណែឯ អ្នកនាំពាក្យក្រុមហ៊ុន ស៊ីបានយ៉េ ស្ទីលវ៉តធើ (Sibanye-Stillwater) លោក ចេមស៍ វែលស្ទែដ (James Wellsted) ក៏បានអះអាងដូច្នេះថា «មនុស្សទាំងអស់ត្រូវបានគេទាញចេញមកខាងក្រៅ ដោយសុវត្ថិភាព... ហើយពិតណាស់មានករណី កង្វះជាតិទឹក និងសម្ពាធឈាមឡើងខ្ពស់ប្រាកដមែន តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ»។
គួរបញ្ជាក់ថា អណ្ដូងរ៉ែមាស Beatrix មានទីតាំងស្ថិតនៅក្នុងទីក្រុង វែលខុម (Welkom) នៅចំងាយ ២៩០គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង ចូហាន់ណែសប៊ឺក (Johannesburg) និងកម្មសិទ្ធរបស់ក្រុមហ៊ុន Sibanye-Stillwater។ អណ្ដូរ៉ែនេះមាន ២៣ថ្នាក់ ព្រមទាំងមាន ជម្រៅ ១,០០០ម៉ែត្រ ទៅក្រោមដី៕