(ទ្រីប៉ូលី)៖ ប្រទេសលីប៊ីបានធ្វើការកម្ទេចចោលគ្រឿងផ្ទុះ នៅសេសសល់ពីសង្រ្គាម ដែលគេហៅថា ERW ចំនួនប្រមាណជាង ២០០តោន ក្រោមការសហការជាមួយ ទីភ្នាក់ងារសកម្មភាពគ្រាប់មីន នៃអង្គការសហប្រជាជាតិ UNMAS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាស UNMAS បានបញ្ចប់ដំណាក់កាលទីមួយ នៃកិច្ចផ្តួចផ្តើមរបស់ខ្លួន នាចុងខែមករា ឆ្នាំ២០១៨នេះ ដោយបានកម្ទេចអាវុធ ERW ដែលបានបន្តបង្កការគំរាមកំហែងជាខ្លាំង ដល់អាយុជីវិតនៃសហគមន៍នៅក្នុងទីក្រុង Misratan ហើយនិងប្រជាពលរដ្ឋលីប៊ី ដែលរស់នៅជុំវិញនោះ។
បើតាមប្រភពដដែល ដោយមានការគាំទ្រពីសំណាក់រដ្ឋាភិបាលដាណាម៉ាក និងកូរ៉េខាងត្បូង ដែលជាអ្នកផ្តល់វិភាគទានយ៉ាងសប្បុរស ទៅក្នុងមូលនិធិសម្រាប់សកម្មភាពបោសសម្អាតគ្រាប់មីន Voluntary Trust Fund for Assistance in Mine Action របស់អង្គការសហប្រជាជាតិ គ្រឿងផ្ទុះសល់ពីសង្រ្គាម ERW សរុប ២០៣តោន ត្រូវបានកម្ទេចចោលដោយជោគជ័យ។ ដោយឡែកសម្រាប់ដំណាក់កាលបន្ទាប់ទីពីរ ERW យ៉ាងតិច ២០០តោនទៀត ត្រូវបានគេកំណត់គោលដៅថា នឹងត្រូវកម្ទេចចោល ហើយទទួលបានការគាំទ្រពីរដ្ឋាភិបាលប្រទេសបារាំង។
គួរជម្រាបថា ជម្លោះប្រដាប់អាវុធជាច្រើនឆ្នាំនៅលីប៊ី បានបន្សល់ទុកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងចំនួនជាច្រើន ដែលបានផ្តាច់ជីវិត និងបង្ករបួសស្នាមដល់ពលទាហាន ព្រមទាំងជនស៊ីវិលស្លូតត្រង់ជាច្រើននាក់៕