(ប៉េកាំង)៖ ទោះបីជាមហាព្រឹត្តិការណ៍ Super Blue Blood Moon (ច័ន្ទគ្រាសក្រហម ចំពេលពេញវង់លើកទីពីរក្នុងខែតែមួយ ហើយធំជាងរាល់ដង ព្រោះនៅចំណុចកៀកផែនដី) នឹងមិនកើតឡើងម្តងទៀតរហូតទាល់តែដល់ ១៩ឆ្នាំ ខាងមុខក៏ដោយក្តី វាមិនមែនមានន័យថា យើងទាំងអស់គ្នា នឹងត្រូរអង្គុយទន្ទឹងរង់ចាំយូរយ៉ាងដូច្នោះ ដើម្បីបានឃើញលោកខែ ដែលមានទិដ្ឋភាពប្លែកអស្ចារ្យ ដូចកាលពីយប់ថ្ងៃពុធកន្លងទៅនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារអវកាសអាមេរិក NASA បាតុភូតដែលគេហៅថា Super Blood Moon (ច័ន្ទគ្រាសក្រហម ដែលព្រះច័ន្ទធំជាងរាល់ដង) មួយនឹងកើតមាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ ទោះបីជាមិនមានព្រឹត្តិការណ៍ Blue Moon ក៏ដោយទស្សនីយភាពនឹងនៅតែអស្ចារ្យដដែល ពីព្រោះថា ពាក្យ «Blue Blood» នេះមិនជាធ្វើឲ្យ ទិដ្ឋភាពរបស់ព្រះច័ន្ទមានអ្វីពិសេសឡើយ ដោយវាគ្រាន់តែចង់សំដៅទៅលើ លោកខែដែលពេញវង់ជាលើកទីពីរ នៅក្នុងខែតែមួយប៉ុណ្ណោះ ពោលគឺពុំបណ្តាលឲ្យព្រះច័ន្ទលេចចេញពណ៌ខៀវឡើយ តែវានឹងមានពណ៌ក្រហមឆ្អិនឆ្អៅ ខុសពីធម្មតាទៅវិញ។
នៅពេលដែលព្រឹត្តិការណ៍ Super Blood Moon នាឆ្នាំក្រោយកើតឡើង អ្នកដែលស្ថិតនៅតំបន់អាមេរិក អឺរ៉ុប ព្រមទាំងអាហ្រ្វិក នឹងអាចមើលឃើញបាតុភូតច័ន្ទគ្រាសពេញលេញ ដែលព្រះច័ន្ទនាពេលនោះ មានទំហំធំជាង ១៤ភាគរយ និងពន្លឺភ្លឺជាង ៣០ភាគរយ បើធៀបនឹងរាល់ដង។ នាខណៈនោះ ច័ន្ទគ្រាសពេញលេញ នឹងប្រែក្លាយព្រះច័ន្ទទៅជាពណ៌ក្រហម ដូចលោហិត ដែលគេហៅថា Blood Moon។
គួរជម្រាបថា សម្រាប់អ្នកដែលចង់រង់ចាំទស្សនា ព្រឹត្តិការណ៍ច័ន្ទបីដំណាក់កាល កើតមានព្រមគ្នា ដូចកាលពីថ្ងៃពុធសប្តាហ៍នេះវិញនោះ គឺត្រូវចាំរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០៣៧ គឺ១៩ឆ្នាំទៀត គិតចាប់ពីពេលនេះតទៅ ហើយសម្រាប់ព្រឹត្តិការណ៍ Blood នៅឆ្នាំ២០១៩ គឺតំបន់អាស៊ី រួមទាំងកម្ពុជារបស់យើង នឹងមិនអាចមើលឃើញនោះឡើយ តែយើងអាចឃើញនូវព្រះច័ន្ទធម្មតា ដែលមានពន្លឺភ្លឺជាងរាល់ដង៕