(អង់ការ៉ា)៖ ទីប្រឹក្សាជាន់ខ្ពស់នៃមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) គឺលោក អាលី អាកបារ វែឡាយ៉ាទី (Ali Akbar Velayati) កាលពីថ្ងៃព្រហស្បតិ៍បានអះអាងថា អ៊ីរ៉ង់គ្មានបំណងបញ្ឈប់ការពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ាឡើយ បើទោះជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
ជុំវិញវត្តមានអ៊ីរ៉ង់នេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមើលឃើញថា អ៊ីរ៉ង់គឺជាសភាវៈអាក្រក់ គំរាមកំហែងដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា បានសន្យាថា នឹងធ្វើការងារជាមួយបណ្ដាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ដើម្បីទប់ស្កាត់នូវអ្វីដែលពួកគេហៅថា ជាការពង្រីកឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់។
ទោះជាបែបនេះក្ដី តាមរយៈការដកស្រង់សម្ដីពីសារព័ត៌មានអ៊ីរ៉ង់ Fars លោក Ali Akbar Velayati បានបញ្ជាក់ត្រង់ៗតែម្ដងថា «ឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ គឺមិនអាចបញ្ជៀសបានឡើយ ខណៈអ៊ីរ៉ង់នៅតែដើរតួរយ៉ាងសំខាន់នៅក្នុងតំបន់ ហើយឥទ្ធិពលបែបនេះនឹងបន្តជានិច្ច។
គួរបញ្ជាក់ថា បើតាមលោក Velayati អ៊ីរ៉ង់គ្មានបំណងបញ្ឈប់ការពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ាឡើយ បើទោះជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។ «អ៊ីរ៉ង់ក៏គ្មានបំណងបោះបង់ចោល ប្រទេសដែលត្រូវបានគេគាប សង្កត់នៅក្នុងតំបន់នោះដែរ... វត្តមានរបស់យើងនៅស៊ីរី អ៊ីរ៉ាក់ ប៉ាឡេស្ទីន និងលីបង់ គឺធ្វើឡើងក្រោមការសម្រប សម្រួលជាមួយរដ្ឋាភិបាល នៃបណ្ដាប្រទេសទាំងនេះ»។ នេះជាការលើកឡើងទីប្រឹក្សាជាន់ខ្ពស់ នៃមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ៕