(ម៉ានីល)៖ កំអែលភ្នំភ្លើង នៃភ្នំភ្លើង Mayon បានហូរចុះរីករាយដាលរហូតដល់ចំងាយ ៣.៦គីឡូម៉ែត្រ ចាប់តាំងពីវាបានផ្ទុះ កាលជាងពីរសប្ដាហ៍មុនមក។ នេះបើតាមការដកស្រង់ព័ត៌មាន ផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ កំអែលភ្នំភ្លើងបានហូរចេញពីកំពូលភ្នំភ្លើង Mayon រហូតដល់ព្រះច័ន្ទលិចបាត់ ប៉ុន្មានម៉ោងក្រោយមានបាតុភូតច័ន្ទគ្រាស។ ចំណែកឯ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនក៏បានឱ្យដឹងដែរថា កំអែលភ្នំភ្លើង និងការបញ្ចេញឧស្ម័ន ព្រមទាំងកំទេចផេះ បានកើតឡើងដោយគ្មានការដឹងជាមុន។
ការផ្ទុះជះកំអែលភ្នំភ្លើងនេះទៀតសោត បានហូរចុះទៅកាន់តំបន់ចំនួនពីរ នៅក្បែរនោះក្នុងចំងាយជាង ៣.៦គីឡូម៉ែត្រ ខណៈតំបន់គ្រោះ ថ្នាក់ត្រូវបានពង្រីកវិសាលភាពដល់ ០៨គីឡូម៉ែត្រ នៅជុំវិញតំបន់ស្ថិតនៅក្បែរភ្នំភ្លើង Mayon។ បន្ថែមពីលើនេះ ដើម្បីសុវត្ថិភាព អាជ្ញាធរហ្វីលីពីនបានរារាំងមិនឱ្យប្រជាជន ត្រឡប់មកផ្ទះរបស់ពួកគេជាបណ្ដោះអាសន្ន រីឯក្រុមអ្នកទេសចរណ៍ ក៏ត្រូវបានហាមមិនឱ្យចូលថតរូបក្នុងតំបន់ត្រូវជាប់បម្រាមផងដែរ។
សូមជំរាបថា ភ្នំភ្លើង Mayon ស្ថិតនៅភាគឦសាននៃខេត្ត Albay បានផ្ទុះជះកំអែល និងផេះអស់រយៈពេលច្រើនជាង ពីរសប្ដាហ៍មកហើយ ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសអ្នកភូមិ ៨៤,០០០នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព ស្របពេលអ្នកវិទ្យាសាស្ត្រកំពុងព្រួយបារម្ភថា ភ្នំភ្លើងមួយនេះអាចនឹងផ្ទុះកាន់តែខ្លាំង៕