(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងបញ្ជូនមន្ត្រីការទូត ដែលទទួលបន្ទុកលក់បរិក្ខាយោធារបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីផ្សព្វផ្សាយពីផលិតផលអាវុធអាមេរិក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្ដហោះចម្បាំង រៀបចំឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមក្រសួងការបរទេសអាមេរិក លោកស្រី ទីណា កៃដាណាវ (Tina Kaidanow) ជាមន្ត្រីទូតអាមេរិកទទួលបន្ទុកផ្នែកលក់អាវុធនៅក្រៅប្រទេស នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌យន្ដហោះចម្បាំង រៀបចំឡើងក្នុងប្រទេសសិង្ហបុរី ពីថ្ងៃទី០៦ រហូតដល់ ថ្ងៃ១០ ខែកុម្ភៈ។
ពិព័រណ៌នេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយវាក៏ជាឱកាសមួយផងដែរ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្សព្វផ្សាយ និងបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដូចជាសិង្ហបុរី ឲ្យទិញយន្ដហោះចម្បាំង F-35 របស់ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ក៏ដូចជាគ្រាប់មីស៊ីលផលិតដោយ ក្រុមហ៊ុន Raytheon Co ស្របពេលទីក្រុងមូស្គូទើបតែអំពាវនាវឱ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជួយទិញ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។
គួររំលឹកជូនផងដែរថា កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិក បាននាំចេញផលិតផលអាវុធ ជាពិសេសយន្ដហោះចម្បាំង ក្នុងទំហំទឹកប្រាក់ជាង ៤៩.៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារតំបន់អាស៊ី ហើយបើធៀបទៅនឹងតម្រូវការនៅអឺរ៉ុបវិញ គឺរហូតដល់ទៅ ៤៩.៨ពាន់លានដុល្លារ ដែលលើសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ទិន្នន័យ ពីក្រសួងការបរទេសអាមេរិក៕