អនុប្រធានាធិបតីអាមេរិក «នឹងធ្វើជាតំណាង លោក ដូណាល់ ត្រាំ» ទៅចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិក នៅកូរ៉េខាងត្បូង!
02-02-2018 09:55
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបញ្ជីឈ្មោះ នៃក្រុមមន្រ្តីដែលនឹងអញ្ជើញទៅចូលរួមក្នុងពិធីបើកក៏ដូចជាព្រឹត្តិការណ៍ប្រកួតអូឡាំពិករដូវរងារ នៅទីក្រុងព្យុងចាង (PyeongChang) ឆ្នាំ២០១៨ នៅឯប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះ លោកនឹងមិនបានទៅដោយផ្ទាល់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) នឹងជាអ្នកដឹកនាំគណៈប្រតិភូជាមួយភរិយារបស់លោក គឺលោកស្រី ការែស ភែន (Karen Pence) ដែលជាសមាជិកម្នាក់ដែរ នៅក្នុងក្រុមមន្រ្តីជំនួសមុខឲ្យលោក ដូណាល់ ត្រាំ នេះ។
គួរជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនេះ ត្រូវគ្រោងនឹងចាប់ផ្តើមប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ៕