កូរ៉េខាងជើងព្រមានទុកមុន៖ «បើសិនជាអាមេរិក-កូរ៉េខាងត្បូង ហ៊ានធ្វើសមយុទ្ធយោធានៅថ្ងៃប្រកួតអូឡាំពិក នោះយើងនឹងមិនលើកលែងឲ្យឡើយ...»
02-02-2018 09:30
(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បានព្រមានថា បើសិនជាសហរដ្ឋអាមេរិក ដឹកនាំការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិក នោះទីក្រុងព្យុងយ៉ាងនឹងមិនអង្គុយនៅស្ងៀមឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងលិខិតមួយផ្ញើជូនអង្គការសហប្រជាជាតិ លោក Ri Yong Ho បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មិនថានៅពេលណានោះទេ ឱ្យតែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា នោះសនិ្តភាព និងសន្តិសុខនៅលើតំបន់ ឧបទ្វីបកូរ៉េនឹងត្រូវគំរាមធ្ងន់ធ្ងរ ហើយការមិនទុកចិត្តគ្នានៃទំនាក់ទំនងអន្តរកូរ៉េ និងការប្រឈមមុខគ្នា នឹងឈានដល់ចំណុចកំពូល រីឯផលវិបាក និងឧបសគ្គកាន់តែមានច្រើនឡើងៗ សម្រាប់កិច្ចសន្ទនារវាងកូរ៉េទាំងពីរ... ដូច្នេះយើងនឹងមិនអង្គុយនៅស្ងៀមឡើយ ចំពោះសកម្មភាពបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការស្ដារទំនាក់ទំនងអន្តរកូរ៉េ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាពន្យាពេលការធ្វើសមយុទ្ធយោធារួមគ្នារហូតដល់ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្នុងទីក្រុង PyongChang ប្រទេសកូរ៉េខាងត្បូង ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០៩ ខែកុម្ភៈខាងមុខនេះ៕